អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថា វត្តកែវគិរីសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ កងទ័ពកម្ពុជានៅតែគ្រប់គ្រង់យ៉ាងរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែង ច្រានចោលចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានថៃ និងបណ្តាញសង្គមថៃដែលបានលើកឡើងថា កងទ័ពឈ្លានពានសៀមបានកាន់វត្តកែវគិរីសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ និងបានអះអាងថា វត្តកែវគិរីសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ កងទ័ពកម្ពុជានៅតែគ្រប់គ្រង់យ៉ាងរឹងមាំ។ ការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា សម្រាប់ទីតាំងទាំងពីរ គឺវត្តកែវគិរីសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ កងទ័ពកម្ពុជា កំពុងបន្ដគ្រប់គ្រងបានដដែល មិនដូចការចុះផ្សាយរបស់សារព័ត៌មានថៃ នោះឡើយ។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្ដថា បណ្តាញសារព័ត៌មានថៃបានលើកឡើងពីកងទ័ពថៃបានប្រើយន្តហោះ F-16 បានបាញ់ និងទម្លាក់គ្រាប់បែកនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវគិរីសិក្ខាស្វារៈ និងតំបន់ភ្នំទ្រព្យ ហើយបានដណ្តើមកាន់កាប់តំបន់ទាំងនេះ។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិនាពេលនេះបង្ហាញថាសារព័ត៌មានថៃ គឺមួយចំនួនបានចូលរួមបោកប្រាស់ប្រជាជនរបស់ខ្លួន និងក្រុមជាតិនិយមរបស់ខ្លួនផងដែរ។
លោកជំទាវ ឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ចំពោះការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជាគឺជាអំពើដែលមិនអាចទទួលយកបាននោះទេ ហើយចំពោះជំហររបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធកម្ពុជានៅតែប្តេជ្ញាការពាររក្សាឱ្យបាននូវដែនអធិបតេយ្យភាពនិងដែនដីកម្ពុជា៕
ដោយ៖ មករា និង ប៊ុនរិទ្ធ





