ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារមានកូនភ្លោះ៣នាក់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខា បានចាត់ឱ្យលោកជំទាវ លឹម មួយស្រៀន អមដំណើរជាមួយលោកជំទាវ លំ គន្ធារី ប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារមានកូនភ្លោះចំនួន៣នាក់ ក្នុងឃុំចំណាយក្រោម ស្រុកស្ទោង ។

ក្នុងឱកាសនោះ លោកជំទាវបានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំយកប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជា ពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខ របរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។

សូមបញ្ជាក់ថា អំណោយផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកសុទ្ធវីឃែរ ១កេស ភួយ១ សារុង១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម្សៅហុយចំនួន១កំប៉ុង សាប៊ូកក់សក់ចំនួន១ដប កន្សែងពោះគោធំ១ ឈុតស្រោមដៃស្រោមជើងមួក មុងគ្រប១ និងថវិកា ចំនួន២លានរៀលផងដែរ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





