ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តរតនគិរី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តរតនគិរី នៅសាលាខេត្តរតនគិរី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរផែនការខេត្តរតនគិរី។

លោក ពៅ ណារិន ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងផែនការ បានឡើងអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការប្រគល់ភារកិច្ចជូនលោក លីម ប៉ារិស ប្រធានមន្ទីរផែនការខេត្តរតនគិរី ជូនអង្គពិធី។ បន្ទាប់ពីពិធីប្រគល់អនុក្រឹត្យ និងត្រារបស់មន្ទីរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លោក លីម ប៉ារិស ប្រធានមន្ទីរផែនការខេត្តរតនគិរីថ្មី បានឡើងមានមតិប្តេជ្ញាចិត្ត និងថ្លែងការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចនេះជូនលោកជាប្រធានមន្ទីរផែនការខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងផែនការ និងបានឆ្លៀតយកឱកាសនេះ ជម្រាបជូននូវស្ថានភាពទូទៅខ្លះៗនៃខេត្តរតនគិរី និងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រនៃខេត្តរតនគិរី រចនាសម្ព័ន្ធដែនដី ស្ថិតិប្រជាជន អម្បូរ និងសេដ្ឋកិច្ចខេត្ត រួមទាំងប្រជាជន ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះលោកប្រធានមន្ទីរផែនការ ដែលទើបចូលកាន់តំណែងថ្មីផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី។ ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ក្នុងមុខតំណែងជារដ្ឋមន្ត្រីក្រសួងផែនការ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ និងបានផ្តល់អនុសាសន៍មកកាន់លោកប្រធានមន្ទីរផែនការដែលទើបទទួលមុខតំណែងថ្មី ឱ្យខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមការចាត់តាំងប្រកបដោយប្រសិទ្ធភាព ភក្តីភាព និងមនសិការស្នេហាជាតិ ប្រមូលនិងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងនាំមកនូវវឌ្ឍនភាពថ្មីៗជូនរាជរដ្ឋាភិបាល និងជាពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត និងត្រូវមានកិច្ចសហការស្អិតរមួតជាមួយមន្ទីរជុំវិញខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកខ្លះៗអំពីបេសកកម្មស្នូលរបស់ក្រសួងផែនការ ដែលក្នុងនោះរួមមាន ការកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (ក.វ.ស.) ការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ICPD) ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDG) ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រមទាំងការងារស្ថិតិជាតិផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





