សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាក្នុងបេសកកម្មការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានបានជ័យជម្នះគ្រប់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមគោរពបូជា និងសូមបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន(សៀម) នាពេលនេះឱ្យវិនាសសាបសូន្យ។

បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរបុរសខ្មែរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវីរជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា រូបរាងកាយលោកឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយទឹកជំនន់។

ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍ ជាពិសេសសូមឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍទៅមុខជាលំដាប់។

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមន្រ្តីក្រោមឱវាទ សូមផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងបេសកកម្មការពារជាតិ និងសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តា ប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវ។ យើងខ្ញុំពីសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដី។ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕

ដោយ សួស សំរិត





