ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្ដត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៧ ក្រុង ស្រុកក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម វ៉េង រិទ្ធិស័ក្កិ អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក អ៊ុន លំអង ប្រធានមន្ទីរស.អ.យ. ខេត្តត្បូងឃ្មុំ អភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង៧ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន មានចំនួនសរុប ១២០នាក់។

ឯកឧត្តម អេង ចំរើន បានលើកឡើងថា ជាលទ្ធផលនៃកិច្ចប្រជុំនេះសម្រេចបានចំណុចពីរសំខាន់ៗ គឺ ទី១. សមាគមមនុស្សចាស់ឃុំសង្កាត់បានយល់ដឹងពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវនិតិវិធីក្នុងការរៀបចំសមាគមមនុស្សចាស់ពីមន្ត្រីជំនាញ និងទី២. សមាគមមនុស្សចាស់ឃុំ សង្កាត់បានយល់ជ្រួតជ្រាបពីនីតិវិធីក្នុងការរៀបចំរចនាសម័្ពន្ធគណៈកម្មការសមាគមមនុស្សចាស់។

ទន្ទឹមនឹងនេះ ក៏មានការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ពីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ក្នុងការជំរុញបន្ថែមដើម្បីឱ្យសមាគមមនុស្សចាស់ឃុំសង្កាត់ឱ្យដំណើរការរលូន និងនិរន្តរភាព និងការតាំងចិត្តរបស់មេឃុំចៅសង្កាត់ និងប្រធានសមាគមនឹងបន្តស្វះស្វែងខ្ពស់ក្នុងការពង្រឹងសមាគមរបស់ខ្លួនឡើងវិញ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





