ប្រកាសចូលកាន់តំណែង អភិបាលរងនៃគណៈអភិបាលស្រុកសន្ទុកនិងនាយករដ្ឋបាលសាលាស្រុកសន្ទុក
AKPកំពង់ធំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--លោកហ៊ីម លីម៉េងអភិបាលរងខេត្តកំពង់ធំមានប្រសាសន៍លើកឡើងថាថ្នាក់ដឹកនាំនិងមន្ត្រីរាជការកងកម្លាំងក្នុងរដ្ឋបាលស្រុកសន្ទុកទាំងមូលសូមបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងយកចិត្តទុកដាក់ពង្រឹងរបៀបរបបការងារដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកហុីម លីម៉េងមានប្រសាសន៍លើកឡើងដូចនេះក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកសន្ទុកនិងនាយករដ្ឋបាលសាលាស្រុកកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នៅសាលាស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកហុីម លីម៉េង បានបន្តថាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រនិងរួមសហការជាមួយលោក អភិបាលរង ដែលទើបទទួលការតែងតាំងថ្មីត្រូវតែបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទនិងបញ្ហាគ្រឿងញៀនក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរដើម្បីរួមគ្នា ថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងខិតខំរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

លោកបានជំរុញឱ្យរដ្ឋបាលស្រុកសន្ទុក ត្រូវអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាតាម ការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី រដ្ឋបាលថ្នាក់ក្រោមជាតិនិយាយជារួម និងនិយាយដោយឡែក រដ្ឋបាលស្រុកសន្ទុកគឺការពង្រឹងអភិបាលកិច្ចល្អ ក្រោមអភិក្រម“រៀបចំផ្ទះខ្លួនយើងឱ្យរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត”៕


ដោយ៖ ប៊ុនរិទ្ធ





