កិច្ចប្រជុំបន្ទាន់ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខប្រជាពលរដ្ឋនៅតំបន់ព្រំដែនបន្ទាយមានជ័យ
បន្ទាយមានជ័យថ្ងៃទី២ ៥ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៤ខែកក្កដានេះឆ្នាំ ២០២៥ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ និងការត្រៀមលក្ខណៈអន្តរាគមន៍របស់ខេត្ត ក្នុងគោលបំណងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋខ្មែរ។

កិច្ចប្រជុំនេះបានធ្វើឡើងស្របពេលដែលកម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធិការពារខ្លួនចំពោះសកម្មភាពបំពានលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនបច្ចុប្បន្ន ដោយលោកបានលើកឡើងថា «យើងត្រូវតែមានការត្រៀមលក្ខណៈជាស្រេចគ្រប់ពេលវេលា ដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់យើងឲ្យបានរឹងមាំ និងផ្ដល់នូវសន្តិសុខពេញលេញជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធីក្នុងការដោះស្រាយបញ្ហា ប៉ុន្តែយើងក៏មានសិទ្ធិស្របច្បាប់ពេញលេញក្នុងការការពារខ្លួន ប្រសិនបើមានសកម្មភាពណាមួយដែលរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តណែនាំឲ្យអាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកឲ្យបានជាប់ជាប្រចាំ។ លោកក៏បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ដោយរួមបញ្ចូលទាំងការពង្រឹងសមត្ថភាពកងកម្លាំង ការបំពាក់សម្ភារៈចាំបាច់ និងការរៀបចំផែនការសកម្មភាពជាក់លាក់ដើម្បីឆ្លើយតបទៅនឹងគ្រប់សេណារីយ៉ូដែលអាចកើតមានឡើង។

ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍បូកសរុបអំពីស្ថានភាពទូទៅនៅតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។
ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្ត រួមទាំងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា«រដ្ឋបាលខេត្តបន្ទាយមានជ័យ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី។ យើងបាននិងកំពុងពង្រឹងកិច្ចការពារព្រំដែន ការល្បាតតាមតំបន់ប្រឈម និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីការការពារផលប្រយោជន៍ជាតិ។ យើងខ្ញុំក៏ត្រៀមលក្ខណៈរួចជាស្រេចដើម្បីអន្តរាគមន៍ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីចាំបាច់ណាមួយ ដើម្បីធានាបាននូវអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង»។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខេត្តជាប់ព្រំដែនផ្សេងទៀត និងការប្ដូរវេនប្រចាំការរបស់កងកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ឆ្លងដែន និងរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ព្រំដែន៕
ដោយ ៖ ឈុនសារ៉ាត





