ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយនាយកការិយាល័យ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យ និងជាតំណាងអង្គការយូណេស្កូប្រចាំនៅប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអង្គការយូណេស្កូ និងបានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូដែលបានរួមចំណែកក្នុងការអភិរក្សបរិស្ថាន វប្បធម៌ សង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហការក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក តំបន់សៀមរាបអង្គរ។

ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអង្គការយូណេស្កូពីអាទិភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង និងការអភិរក្សធនធានទឹក រួមទាំងការគ្រប់គ្រងទឹកជំនន់និងការងារគ្រប់គ្រងធនធានទឹកនៅតំបន់អភិរក្សបេតិកភណ្ឌពិភពលោក ក្នុងខេត្តសៀមរាប។

តំណាងប្រតិភូអង្គការយូណេស្កូ លោក សាដា អ៊ូម៉ា អាឡាម បានថ្លែងនូវការកោតសរសើរចំពោះភាពរីកចម្រើនលើគ្រប់វិស័យបស់កម្ពុជា ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យធនធានទឹកសម្រាប់បម្រើឱ្យពហុវិស័យ និងបានគូសបញ្ជាក់ពីអង្គការយូណេស្កូ(UNESCO) ក៏ដូចជាបណ្ដាញសហការជាមួយដៃគូជាតិ និងតំបន់ កំពុងអនុវត្តគម្រោងសំខាន់ៗស្តីពីការគ្រប់គ្រងទឹកក្រោមដី និងការអភិរក្សបរិស្ថាន នៅកម្ពុជា និងក្នុងតំបន់មេគង្គ ដើម្បីលើកកម្ពស់ការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងភាពធន់ទៅនឹងអាកាសធាតុ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





