លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ៖ថៃមិនត្រឹមតែវាយប្រហារមកលើទីតាំងកងទ័ពកម្ពុជាទេ តែបាន វាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលកម្ពុជាថែមទៀត
AKPភ្នំពេញ ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាពួកយោធាថៃ មិនត្រឹមតែមានចេតនា វាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាតែប៉ុណ្ណោះទេ គឺពួកគេក៏បានវាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលរបស់កម្ពុជាថែមទៀតផង ដែលធ្វើឱ្យជនស៊ីវិលកម្ពុជាកំពុងរត់ភៀសខ្លួនក្រោមការភ័យខ្លាចជាខ្លាំង។
បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ
បានឱ្យដឹងថា”ការវាយប្រហារជនស៊ីវិល ដែល ត្រង់បញ្ហានេះក្រសួងការពារជាតិបានចេញភ្លាមៗនូវសេចក្តីថ្លែងការណ៍ ដោយបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើយ៉ាងសាហាវឃោរឃៅរបស់ភាគីថៃ និងបានស្នើឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសឱ្យបានពេញទំហឹង “។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា ក្រសួងការពារជាតិនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ដើម្បីឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានដ៏កំរោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់នូវទង្វើអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងចៀសវាងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យកើនឡើងនូវភាពតានតឹងបន្ថែមទៀត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានច្រានចោល បន្ទាប់ពីភាគីថៃបានចោទកងទ័ពកម្ពុជាថាបានវាយប្រហារចំពោះជនស៊ីវិលនៅក្នុងទឹកថៃផងដែរ ដោយលោកជំទាវអះអាងថាកងទ័ពកម្ពុជាវាយប្រហារតែទីតាំងយោធាតែប៉ុណ្ណោះ។
ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនេះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅលើ៨ទីតាំងនៅថ្ងៃនេះគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះអូរផ្កាស្នេហ៍ និងតំបន់មុំបី។
គួរបញ្ជាក់ថាក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តី ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជាទេ៕
ដោយ៖មករា





