ពលរដ្ឋថៃរាប់ពាន់នាក់សម្រុកវិលត្រឡប់ចូលប្រទេសវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយផ្ទុះអាវុធតាមព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- គិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋថៃរាប់ពាន់នាក់ដែលកំពុងបម្រើការងារនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្រុកវិលត្រឡប់ចូលទៅប្រទេសថៃវិញជាបន្តបន្ទាប់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ការចាកចេញបន្ទាន់នេះកើតឡើងក្រោយមានការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងទ័ពកម្ពុជា និងថៃ នៅតាមបណ្ដោយព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពលរដ្ឋថៃភាគច្រើនដែលកំពុងចាកចេញនេះ គឺជាអ្នកដែលបម្រើការងារនៅក្នុងក្រុងប៉ោយប៉ែត។ កម្លាំងសមត្ថកិច្ចកម្ពុជាដែលឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួយសម្រួលដល់ដំណើរការចាកចេញរបស់ប្រជាពលរដ្ឋថៃទាំងនោះ ប៉ុន្តែមិនអនុញ្ញាតឱ្យពួកគេវិលត្រឡប់ចូលមកកម្ពុជាវិញជាដាច់ខាត រហូតដល់ស្ថានភាពមានភាពប្រក្រតីឡើងវិញ។


សូមជម្រាបជូនថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃបានចាប់ផ្ដើមឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ នៅពេលដែលទាហានថៃបានបើកការវាយប្រហារឈ្លានពានចូលមកកម្ពុជា ហើយបានរីករាលដាលទៅកាន់តំបន់ផ្សេងទៀតតាមបណ្ដោយព្រំដែន។ យោងតាមសេចក្ដីរាយការណ៍ ការប្រយុទ្ធគ្នានេះបានកើតឡើង បន្ទាប់ពីភាគីថៃបានបាញ់ប្រហារមុននៅចំណុចប្រាសាទតាមាន់ធំ។ ស្ថានភាពនៅតាមបណ្ដោយព្រំដែននៅតែមានភាពតានតឹង ខណៈដែលអាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

ដោយ ឈុន សារ៉ាត





