រដ្ឋបាលជលផលចេញល្បាតក្នុងដែនសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសនេសាទ
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំក្រុមល្បាតសហគមន៍នេសាទប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹមក្នុងភូមិ សាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចេញធ្វើការល្បាតក្នុងដែនសមត្ថកិច្ច ដើម្បីការពារធនធានជលផលសមុទ្រ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ មន្ត្រីរដ្ឋបាលជលផលក៏បានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជានេសាទដូចជា៖ ១-ទប់ស្កាត់ហាមឃាត់ការនេសាទខុសច្បាប់។ ២- ជំរុញដល់ប្រជានេសាទដែលធ្វើនេសាទដោយឧបករណ៍នេសាទសិប្បកម្មមកបង់ថ្លៃឈ្នួលដែននេសាទប្រចាំ២០២៥ នៅខណ្ឌរដ្ឋបាលជលផលកំពង់សោមនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ៣-ផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលរួមលែងក្តាមសេះពងក្រៅចូលសមុទ្រវិញ និងជួយការពាអភិរក្សធនធានជលផលសមុទ្រដែលកំពុងរងគ្រោះ និងជិតផុតពូជ ទៅដល់ប្រជានេសាទ។


ការចូលរួមថែរក្សា និងអភិរក្សធនធានជលផល សមុទ្រ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសសម្រាប់ប្រជានេសាទតែម្តង ប្រសិនបើយើងចូលរួមការពារ ធ្វើឱ្យធនធានជលផលសមុទ្ររបស់យើងមានការកើនឡើងសម្រាប់បងប្អូនប្រជានេសាទ ម្យ៉ាងទៀតធនធានជលផលសមុទ្រនេះ មានសារៈសំខាន់ណាស់បម្រើឱ្យវិស័យទេសចរណ៍ក្នុងក្រុងកោះរ៉ុង ក្នុងការជិះទូកកម្សាន្ត ស្ទូចត្រី មើលផ្លាថ្មជាដើម ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងចូល រួមអភិរក្សធនធានសមុទ្រដែលជិតផុតពូជរបស់យើង៕

ដោយ ងូ សុមុនី





