អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា កងទ័ពថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជាលើ៨ទីតាំងនៅថ្ងៃនេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាលើ៨ទីតាំងនៅថ្ងៃនេះ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះ ឬអូរផ្កាស្នេហ៍ និងតំបន់មុំបី។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា នៅក្នុងនោះផងដែរក្រោយពីការបើកការវាយប្រហារយ៉ាងសន្ធាប់នៅក្នុងទីតាំងមួយចំនួនរហូតដល់ការប្រើប្រាស់អាវុធធុនធ្ងន់ និងឈានដល់ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅក្នុងតំបន់នៃខេត្តព្រះវិហារគឺតំបន់ចំការចេកថែមទៀតផង។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ថា តែទីបំផុតទៅអាស្រ័យដោយមានការប្រយុទ្ធតបតយ៉ាងស្វិតស្វាញពីសំណាក់វីរកងទ័ពរបស់យើង គឺបានដណ្តើមកាន់កាប់ទាំងស្រុងនូវដែនអធិបតេយ្យរបស់យើងគឺ ប្រាសាទតាក្របីនៅវេលាម៉ោង៩ និង៣០នាទី ខណៈតំបន់មុំបីក៏យើងកាន់កាប់បានផងដែរ គិតមកដល់ម៉ោងនេះយើងនៅរក្សាបានប្រៀបឈ្នះ និងឈរកាន់កាប់នៅលើទីតាំងទាំងនោះយ៉ាងរឹងមាំ។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្ដថា ចំពោះប្រាសាទតាមាន់ធំ ដែលជាទីតាំងនៃ ការចាប់ផ្តើមផ្ទុះអាវុធកាលពីព្រឹកមិញនោះមកដល់ម៉ោងនេះគឺយើងនៅរក្សាការកាន់កាប់ដដែល គឺមិនបានដកថយសូម្បីតែមួយជំហាន។

ចំពោះផលប៉ះពាល់ពីការវាយប្រយុទ្ធនេះអ្នកនាំពាក្យក្រសួងការពារជាតិដដែលនេះបានគូសបញ្ជាក់ថា ភាគីថៃមិនមានចេតនាត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាតែប៉ុណ្ណោះទេ គឺគេក៏បានវាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលរបស់កម្ពុជាថែមទៀតផង ដែលធ្វើឱ្យជនស៊ីវិលកម្ពុជាកំពុងរត់ភៀសខ្លួនក្រោមភាពភ័យខ្លាចជាខ្លាំង។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងថា ត្រង់បញ្ហានេះក្រសួងការពារជាតិបានចេញភ្លាមៗនូវសេចក្តីថ្លែងការណ៍ ដោយបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើយ៉ាងសាហាវឃោរឃៅរបស់ភាគីថៃ និងបានស្នើឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសឱ្យបានពេញទំហឹង ខណៈដែលក្រសួងការពារជាតិនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ដើម្បីឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានដ៏កំរោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់នូវទង្វើអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងចៀសវាងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យកើនឡើងនូវភាពតានតឹងបន្ថែមទៀត។

ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសម្តែងនូការគោរពយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានបង្ហាញពីការគាំទ្រ និងឈរនៅជាមួយកងទ័ពជួរមុខ ព្រមទាំងមានការជឿជាក់មកលើ រាជរដ្ឋាភិបាល និងភាពអង់អាចក្លាហានរបស់វីរកងទ័ពដែលមិនមានភាពតក់ស្លុតចំពោះទង្វើឈ្លានពាន ដ៏គួរឱ្យស្អប់ខ្ពើមរបស់ភាគីថៃ និងក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំតក់ស្លុត និងបន្តជីវភាពរស់នៅជាធម្មតា៕
ដោយ៖ ចាន់ សុភឿន រូបថត៖ សួស សាវី





