អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថៃ យកបញ្ហាជាន់មីន ដាក់របងលួស ដាក់កងទ័ព និងបញ្ហាផ្សេងទៀតដាក់កំហុសមកលើកម្ពុជារហូតបើកការបាញ់ប្រហារលើកងទ័ពកម្ពុជាមុន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥--
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងថា ថៃបានដាក់កំហុសមកលើកម្ពុជា គ្រប់រូបភាពដោយយកបញ្ហាជាន់មីន ដាក់របងលួស ដាក់កងទ័ព និងបញ្ហាផ្សេងទៀតដាក់កំហុសមកលើកម្ពុជា រហូតធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាមុន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះតែម្តង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការចាប់ផ្តើមនូវភាពតានតឹងរវាងកម្ពុជា និងថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ គឺកើតឡើងដោយសារកងទ័ពថៃបានលួចបាញ់ប្រហារមកលើកកងទ័ពកម្ពុជាម្នាក់ បាត់បង់ជីវិតដែលកំពុងឈរជើងនៅលេណដ្ឋាននៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមលើកឡើងថា ចាប់ពីពេលនោះមកថៃ បានពន្លាតបញ្ហារហូត មានបញ្ហាព្រំដែន ដោយបិទព្រំដែនដោយឯកតោភាគី គម្រាមផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត ប្រេងឥន្ធនៈ ឧស្ម័នជាដើម។ ចុង ក្រោយនេះថៃបានយកបញ្ហាទាហានជាន់មីន មកធ្វើជាមូលហេតុ ឬលេសឱ្យមានបញ្ហាធំឡើងៗ។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «ថៃបានចោទកម្ពុជាថាបានដាក់មីនថ្មី ហើយក្រសួងការពារជាតិ ក្រសួងការបរទេសបានធ្វើការឆ្លើយតបវិញហើយ បានបញ្ជាក់ហើយថា កម្ពុជា មិនបានដាក់មីនថ្មីនោះទេ។ ប៉ុន្តែកងទ័ពថៃ មិនបានដើរតាមតម្រាយផ្លូវធម្មតានោះទេ គឺបានធ្វើការបង្កើតតម្រាយផ្លូវថ្មី ចូលដីកម្ពុជា ហើយដីនោះមានសល់គ្រាប់មីនតាំងពីសម័យសង្គ្រាម»។


ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា មុនការកើតឡើងផ្ទុះមីននេះកងទ័ពកម្ពុជាក៏បានប្រាប់កងទ័ពថៃថាកុំដើរខុសផ្លូវបានធ្វើតម្រាយមុនដែលយើងបានព្រមព្រៀងគ្នា ពីព្រោះព្រំដែនកម្ពុជាមានគ្រប់មីនដែលបានសេសសល់ពីសម័យសង្គ្រាមកន្លងមក។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា៖ «ក្រោយពីជាន់មីន ថៃបានធ្វើឱ្យសភាពការណ៍ កាន់តែតានតឹងខ្លាំងឡើង ជាក់ស្តែងកាលពីម្សិលមិញ ថៃបានប្រកាសបិទ មិនឱ្យទេសចរណ៍ចូល ប្រកាសបិទប្រាសាទតាមន់ធំ រហូតថានេះជាការចាប់ផ្តើមនៃសង្គ្រាម។ ជាងនេះយប់មិញក៏បានដាក់របងលួសនៅប្រាសាទតាមាន់ ហើយព្រឹកឡើងគាត់ចាប់ផ្តើមធ្វើសកម្មភាពបាញ់មកលើទាហានកម្ពុជាកំពុងឈរជើង»។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងទៀតថា សរុបមកវិញ គ្រប់បញ្ហាទាំងអស់ដែលបានកើតឡើង វាងកម្ពុជា និងថៃ គឺថៃជាអ្នកបង្កហេតុ ក្នុងនោះ បរទេស ក៏គេបានដឹងថាថៃជាអ្នកបង្ករហេតុមុន ឈ្លានពានកម្ពុជា ចង់បានទឹកដីកម្ពុជា ហើយរករឿងបង្កហេតុ និងទម្លាក់កំហុសមកកម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ពេលនេះថៃបានបើកធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជាមុន ហើយចំណុចនេះទាំងសម្តេចតេជោ ហ៊ុន សែន សម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា កម្ពុជាចង់បានសន្តិភាព ចង់រស់នៅជាមួយប្រទេសជិនខាងល្អ ព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិនិងអភិវឌ្ឍន៍។ ប៉ុន្តែថ្នាក់ដឹកនាំបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ជម្រើសយោធា គឺជាជម្រើសចុងក្រោយ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអះអាងផងដែរថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាមានភាពក្លាយហាន និងរឹងមាំកក់កៅ្ត ហើយពេញមួយថ្ងៃនេះនៅសមរភូមិកងទ័ពកម្ពុជាយកប្រៀបលើកងទ័ពថៃ ដែលសត្រូវឈ្លានពានទឹកដីកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





