សម្ដេចតេជោ ហ៊ុន សែន៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ»។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថា នឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឱ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

សម្ដេចប្រធានព្រឹទ្ធសភាបានបន្ថែមថា៖ «លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ»។

សម្ដេចតេជោបានឱ្យដឹងទៀតថា ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ៕


ដោយ៖ រិទ្ធី





