រដ្ឋបាលរាជធានីភ្នំពេញទទួលគ្រឿងចក្រ និងម៉ូតូកង់បីពីអង្គការមូលនិធិ AIMF AESN SIAAP ដើម្បីប្រើប្រាស់សម្រាប់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- គ្រឿងចក្រ១គ្រឿង និងម៉ូតូកង់បី១គ្រឿងរបស់អង្គការមូលនិធិ AIMF AESN SIAAP បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់ស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ ដែលស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល លើកកម្ពស់ភាពបៃតងក្នុងទីក្រុង ក្រោមអធិបតីភាពឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ បាយ៉េ អតីតអគ្គលេខាធិការនៃសមាគម AIMF។ ស្ថានីយនេះមានសមត្ថភាពទទួលចាក់សំណល់ភក់បង្គន់នេះចំនួន៨០ម៉ែត្រគូបក្នុងមួយថ្ងៃស្មើនឹងប្រមាណ១,៤នៃសំណល់ភក់បង្គន់ ប្រចាំថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។ តាមការសិក្សាស្រាវជ្រាវនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩ សំណល់ភក់បង្គន់ត្រូវបានបូមប្រចាំថ្ងៃមានចំនួនប្រមាណ៣០០ម៉ែត្រគូប ប្រហាក់ប្រហែល១១០.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់នៅរាជធានី ភ្នំពេញនឹងអាចកើនឡើងដល់ចំនួន៣៣០.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជាង៣ដង។ ដូច្នេះទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមសៀវភៅយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់នៅឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍បានប្រគល់ម៉ូតូកង់៣ចំនួន១គ្រឿង និងគ្រឿងចក្រមួយគ្រឿងសម្រាប់សម្រួលការប្រើប្រាស់ក្នុងការកាយ និងលើកដាក់ភក់បង្គន់ រួមទាំងការដាំកូនឈើបង្កើតខ្សែក្រវ៉ាត់បៃតងនៅក្នុងស្ថានីយ៕



ដោយ សួស សំរិត





