កិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងចំណូលថវិការបស់មន្ទីរជំនាញសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញនៃរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានស្នើឱ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឱ្យមានប្រសិទ្ធភាពគ្រប់ប្រភពចំណូល សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមក្នុងខេត្ត សំដៅបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ កម្ពុជាបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឆ្នើមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ និងមានស្ថេភាពទាំងនយោបាយសកល និងសេដ្ឋកិច្ចសកល ធ្វើឱ្យពលរដ្ឋទទួលបានការរស់នៅសុខដុមរមនាបែបសេដ្ឋកិច្ចឧស្សហកម្មឌីជីថល៤.០។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋតាមច្បាប់បានកំណត់ ហើយតួយ៉ាងមន្ត្រីអ្នកអនុវត្តច្បាប់ពន្ធដារត្រូវតែផ្តល់សេវាឱ្យបានឆាប់បំផុត និងមិនមានយកប្រាក់លើសតម្លៃពន្ធដារឡើយ។ ក្នុងបរិបទឧស្សាហកម្ម៤.០ បាន និងកំពុងរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានការវិវឌ្ឍយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាឌីជីថលបាន និងកំពុងដើរតួនាទីជាស្នូលនៅគ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមដែលមានភាពសម្បូរបែប និងផលិតភាព ប្រតិបត្តិការការងារប្រចាំថ្ងៃរបស់យើង។ ជាការពិតណាស់បច្ចុប្បន្នខេត្តកំពង់ស្ពឺ បានប្រែក្លាយទឹកដីពីការប្រឈមមុខដាក់គ្នាដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពលជាតំបន់សេដ្ឋកិច្ច មានរោងចក្រ សហគ្រាសធំៗកំពុងធ្វើសកម្មភាពអាជីវកម្ម និងបន្តមកបណ្តាក់ទុនជាបន្តបន្ទាប់។ ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត មន្ត្រីពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាឱ្យល្អជាមួយអ្នកជាប់ពន្ធ ក៏ដូចជាម្ចាស់អចលនទ្រព្យផងដែរ។

គួរបញ្ជាក់ថា យោងតាមសារាចរណែនាំលេខ ០៨ ស.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រធានពន្ធដាររាជធានី-ខេត្ត សូមធ្វើការកំណត់ជាបឋមកញ្ចប់ថវិកាជូនរដ្ឋបាលខេត្ត នូវចំណូល សារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលឧបម្ភត្ថពីថវិកាជាតិផងដែរ៕

ដោយ លឹម សាន្ត





