ឯកឧត្តម គួច ចំរើន កោតសរសើរដល់ប្រជាពលរដ្ឋស្រុកល្វាឯមដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត
AKP កណ្ដាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន០៥ភូមិ ក្នុងឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋនៅស្រុកល្វាឯមគឺជាប្រជាពលរដ្ឋល្អ ព្រោះថានៅក្នុងស្រុកល្វាឯមមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត បើធៀបនឹងបណ្ដាក្រុង-ស្រុកដទៃទៀត។

គិតត្រឹមពេលនេះ ទូទាំងខេត្តកណ្ដាលមានបញ្ហាទំនាស់ដីធ្លីប្រមាណជា៥៧៧ករណី ហើយក្នុងនោះស្រុកល្វាឯមមានត្រឹម៥ករណីប៉ុណ្ណោះ ដែលនេះគូសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋក្នុងស្រុកល្វាឯមមានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាប្រជាពលរដ្ឋគំរូ ដែលមានវិវាទដីធ្លីតិចតួចបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯមទាំងអស់ឱ្យបន្តវប្បធម៌នេះឱ្យបានល្អ ដើម្បីទុកជាគំរូដល់ក្រុង-ស្រុកដទៃទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកណ្ដាល បានឱ្យដឹងថា ការបិទផ្សាយនាពេលនេះ គឺជាលើកទី២៩៨ នៅក្នុងខេត្តកណ្ដាលទាំងមូល ព្រមទាំងជាលើកទី១១ និងជាការបិទផ្សាយបញ្ចប់លើកចុងក្រោយ នៅក្នុងស្រុកល្វាឯម ដែលមានចំនួន៥ ភូមិគឺ ភូមិព្រែកប្រា ភូមិព្រែកជ្រៃ ភូមិព្រែកឬស្សី ភូមិអន្លង់ទ្រា និងភូមិពាមស្ដី សរុបចំនួន ៥ ០៨២ ក្បាលដី។ ការបិទផ្សាយជាសាធារណៈនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





