ឯកឧត្តម អ៊ុន ចាន់ដា៖ គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ ត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពមនុស្សធម៌កាន់តែប្រសើរ
AKP កំពង់ចាម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំ និងជំរុញញដល់សាខាគណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ ត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពនៃការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរ ជួយអ្នកងាយរងគ្រោះ និងជនរងគ្រោះ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ រួមទាំងលើកកម្ពស់ការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញការអភិវឌ្ឍដល់បណ្តាញយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាកម្លាំងចលករជួរមុខ មិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តមអភិបាលខេត្តថ្លែងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ៦ខែ ដើមឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំ ជំរុញធ្វើឱ្យវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា រយៈពេល៦ខែដើម ឆ្នាំ២០២៥ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនៈ។ ដូចនេះ គ្រប់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ ត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពនៃការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "៕


ដោយ ឆាយ ម៉ុត





