ប្រធាន គ.ជ.ប៖ ការបំផ្លាញសន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោត គឺបង្ហាញអំពីតម្លាភាព ព្រមទាំងសុចរិតភាពរបស់គ.ជ.ប ក្នុងការគ្រប់គ្រង ចាត់ចែងការបោះឆ្នោត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបំផ្លាញសន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោតឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ និងសម្ភារ ឯកសារបោះឆ្នោតនានា មានគោលបំណង បង្ហាញជូនភាគីពាក់ព័ន្ធ ជាពិសេសតំណាងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍បោះឆ្នោត អំពីតម្លាភាព ព្រមទាំងសុចរិតភាពរបស់គ.ជ.ប ក្នុងការគ្រប់គ្រង ចាត់ចែងការបោះឆ្នោត ការរក្សាទុក សម្ភារ ឯកសារបោះឆ្នោត សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតកន្លងមក និងការបំផ្លាញសន្លឹកឆ្នោតប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវស្របតាមស្មារតីច្បាប់ជាធរមាន។

ក្នុងពិធីបំផ្លាញសន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ និងសម្ភារ ឯកសារបោះឆ្នោតនានា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមប្រធានគ.ជ.ប បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតតាមការកំណត់នៃច្បាប់ និងមានសមត្ថកិច្ចបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។ ដំណើរការនៃការបំផ្លាញសន្លឹកឆ្នោតនេះត្រូវធ្វើឡើងដោយបើកចំហ និងមានការចូលរួមពីគណបក្សនយោបាយដែលពាក់ព័ន្ធ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប ធ្លាប់រៀបចំកម្មវិធីបំផ្លាញសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតកន្លងមកចំនួន៤លើករួចមកហើយ ដែលលើកទី១ប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥ ដោយបំផ្លាញសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០០២ តាមវិធីសាស្ត្រដុតបំផ្លាញ។ លើកទី២ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ ដោយបំផ្លាញសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៣ ឆ្នាំ២០០៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧ តាមវិវិសាស្រ្តកាត់ប៉ុណ្ណោះ។ លើកទី៣ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដោយបំផ្លាញសន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៤ ឆ្នាំ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ តាមវិធីសាស្រ្តកាត់ចិញ្ច្រាំ និងលើកទី៤ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយបំផ្លាញសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមវិធីសាស្រ្តកាត់ចិញ្ច្រាំ។ ហើយក្នុងដំណើរការបំផ្លាញសន្លឹកឆ្នោតទាំង៤លើកនេះ គ.ជ.បក៏បានបំផ្លាញសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតអសកលកន្លងមកផងដែរ។

ចំពោះកម្មវិធីបំផ្លាញសន្លឹកឆ្នោតលើកទី៥នាពេលនេះ គឺរួមមានសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងសម្ភារ ឯកសារនានា ដែលបានប្រើក្នុងដំណើរការនៃការបោះឆ្នោតទាំងនោះ បន្ទាប់ពីគ.ជ.ប បានរក្សាទុកប្រកបដោយសុវត្ថិភាពតាមរយៈពេលដែលច្បាប់កំណត់។ ហើយវិធីសាស្ត្រក្នុងការបំផ្លាញគឺ គ.ជ.ប ជ្រើសរើសយកការកាត់ចិញ្ច្រាំ ដូចលើកទី២ ដល់លើកទី៤ដែរ ព្រោះវិធីសាស្ត្រនេះអាចធានាបានទាំងសុវត្ថិភាព ការសម្ងាត់នៃសន្លឹកឆ្នោត បរិស្ថានល្អ ព្រមទាំងសុខុមាលភាពសាធារណៈ៕


ដោយ ជឹម ណារី





