អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាចូលជួសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព naព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Park Suman អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាដែលត្រូវបញ្ចប់បេសកកម្មចូលជួសម្តែងការគួរសម និងជម្រាបលា ដោយក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះភាគីកូរ៉េ ដែលតែងមានកិច្ចសហប្រតិបត្តិការល្អជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាពិសេសជំនួយឧបត្ថម្ភលើការងារហ្វឹកហ្វឺន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពតែងទទួលបានជំនួយឧបត្ថម្ភលើការងារហ្វឹកហ្វឺនពីសាធារណរដ្ឋកូរ៉េជាបន្តបន្ទាប់ ដែលធ្វើឱ្យមជ្ឈមណ្ឌលមានកងកម្លាំងគ្រប់គ្រាន់សម្រាប់បញ្ជូនទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលហែកហួរដោយសារសង្គ្រាម មានជាអាទិ៍ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកំរិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសមណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍ជាដើម។

ឯកឧត្តមបានឱ្យដឹងថា ក្រោមជំនួយឧបត្ថម្ភលើការងារហ្វឹកហ្វឺនពីសាធារណរដ្ឋកូរ៉េមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៅក្នុងប្រទេសបានជាច្រើនវគ្គ ជាពិសេសបានចូលរួមវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់គម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ (TPP) ព្រមទាំងវគ្គហ្វឹកហ្វឺនក្រៅប្រទេសលើជំនាញសេនាធិការ និងសង្កេតការណ៍ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានសំណូមពរដល់ភាគីកូរ៉េឱ្យបន្តបញ្ជូនយោធាចារ្យមកហ្វឹកហ្វឺនប្រចាំឆ្នាំលើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ការប្រើប្រាស់បញ្ជា Robot ការប្រើប្រាស់បច្ចេកទេសបាញ់កំទេចគ្រាប់មីន និងយុទ្ធភណ្ឌដោយម៉ាស៊ីឡាស៊ែរ និងការប្រើប្រាស់ Drone នៅព្រះរាជាណាចក្រកម្ពុជា បន្តបញ្ជូននាយទាហានកម្ពុជាទៅហ្វឹកហ្វឺនបន្ថែមលើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ និងការប្រើប្រាស់ Drone ផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍នៅសាធារណរដ្ឋកូរ៉េ បន្តសហការ និងរៀបចំសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិឱ្យក្លាយជាសាលាគំរូថ្នាក់តំបន់ និងការផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំលើវិស័យបោសសំអាតមីននិងរក្សាសន្តិភាពរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបនោះ លោកវរសេនីយ៍ឯក Park Suman អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាដែលត្រូវបញ្ចប់បេសកកម្ម បានសម្តែងនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីកូរ៉េជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលើការងារហ្វឹកហ្វឺនកម្លាំងជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទៅ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាម មានដូចជានៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងកុងហ្គោជាដើម៕
ដោយ៖ ចាន់ សុភឿន





