CDC ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន AL Mansour Asia ក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា
AKP ភ្នំពេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ -- CDC ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន AL Mansour Asia ក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា សំដៅពិនិត្យលទ្ធភាពនិងឱកាសក្នុងការដាក់ទុនវិនិយោគ លើវិស័យពាក់ព័ន្ធរួមមាន៖ កសិកម្មឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AL MANSOUR HOLDING ដឹកនាំដោយ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor AL Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AL Mansour Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា សំដៅពិនិត្យលទ្ធភាពនិងឱកាសក្នុងការដាក់ទុនវិនិយោគ លើវិស័យពាក់ព័ន្ធរួមមាន៖ កសិកម្មឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម៕
ដោយ៖ ចរិយា ប្រភព៖ CDC





