សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចុះផ្សព្វផ្សាយអំពីកម្មវិធីសិក្សា និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចុះទៅធ្វើផ្សព្វផ្សាយអំពីកម្មវិធីសិក្សា និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យទាំងពីរដល់សិស្សានុសិស្សចំនួន២០០នាក់ នៅវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ។

ពិធីនេះធ្វើឡើងក្រោមកិច្ចសហការពីថ្នាក់ដឹកនាំវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចុះទៅធ្វើផ្សព្វផ្សាយអំពីកម្មវិធីសិក្សា និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យទាំងពីរដល់សិស្សានុសិស្សចំនួន២០០នាក់ នៅវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ។ នេះគឺជាផ្នែកមួយនៃការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP 2) ដើម្បីធ្វើឱ្យកម្មវិធីសិក្សាកាន់តែប្រសើរ ប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ នាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត។ ជាមួយគ្នានេះដែរ ក៏ដើម្បីផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលជំនាញផ្សេងៗនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងបង្ហាញពីទីតាំងថ្មីនៃសាកលវិទ្យាល័យឱ្យសាធារណជនបានស្គាល់កាន់តែទូលំទូលាយ។

ក្នុងឱកាសនោះ ក្រុមការងារបានលើកទឹកចិត្តដល់សិស្សានុសិស្សសួរសំណួរ និងចម្លើយបំភ្លឺសំណួររបស់ពួគេ ដើម្បីឱ្យបានយល់កាន់តែច្បាស់អំពីកម្មវិធីសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការចុះផ្សព្វផ្សាយដូចគ្នានេះនឹងបន្តធ្វើនៅតាមវិទ្យាល័យផ្សេងៗទៀត នាពេលខាងមុខ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





