គណៈប្រតិភូ AMS ទស្សនាប្រាសាទអង្គរ និងរួមគ្នាដាំដើមឈើនៅខាងមុខប្រាសាទអង្គរ
AKP សៀមរាប ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- គណៈប្រតិភូ AMS បានរួមគ្នាដាំដើមឈើនៅខាងមុខប្រាសាទអង្គរ ដើម្បីទុកជាអនុស្សាវរីយ៍អបអរនៃកិច្ចប្រជុំ AMS ក៍ដូជាការបង្កើននូវម្លប់បៃតងនៅជុំវិញអង្គរជាបេតិកភណ្ឌពិភពលោក ហើយជាសម្បត្តិមនុស្សជាតិក៏ដូចជាសម្បត្ដិវប្បធម៌អរិយធម៌របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបំពេញទស្សនកិច្ចនៅប្រាសាទអង្គរ និងប្រាសាទជាច្រើនទៀត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា រួមនឹងបណ្ដាប្រទេសជាសមាជិកនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ បានរួមគ្នាដាំកូនឈើជានិមិត្តរូប នៅជ្រុងខាងត្បូងត្រពាំងសេសនៃប្រាសាទអង្គរវត្ត ដើម្បីជាសក្ខីភាពនៅលើទឹកដីប្រវត្តិសាស្ត្ររបស់កម្ពុជា រួមនឹងការទស្សនាប្រាសាទមួយចំនួនក្នុងតំបន់អង្គរផងដែរ។ ការដាំកូនឈើនេះបានធ្វើឡើងក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នៅខេត្ដសៀមរាប ដែលបានបញ្ចប់ដោយជោគជ័យកាលពីម្សិលមិញ។ ឯកឧត្ដមបានបន្ដថា បន្ទាប់ពីដាំកូនឈើប្រមាណ៥០ដើម គណៈប្រតិភូក៏ដូចជាសមាជិកនៃកិច្ចប្រជុំ AMS បានទៅទស្សនាប្រាសាទអង្គរវត្ដ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័នផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប និងបានបញ្ចប់ដោយជោគជ័យ។

ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ បានធ្វើការពិភាក្សាប្រកបដោយខ្លឹមសារ និងស្ថាបនា ដែលបានដាក់ចេញនូវបញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមមុខនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់យើងនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។ ចាប់ពីការកើនឡើងនៃព័ត៌មានមិនពិត រហូតដល់ការលុបបំបាត់ការជឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី យើងមិនបានគេចចេញពីការប្រឈមមុខនឹងបញ្ហាលំបាកនោះទេ។ ផ្ទុយទៅវិញ យើងបានទទួលយកការទទួលខុសត្រូវក្នុងការចូលរួមជាមួយពួកគេដោយតម្លាភាព និងដំណោះស្រាយ។ ឯកឧត្ដមសង្ឃឹមថា គណៈប្រតិភូ និងសមាជិកទាំងអស់គ្នា ចាកចេញពីកិច្ចប្រជុំកំពូលនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅ ការប្តេជ្ញាចិត្តជាថ្មី និងយុទ្ធសាស្រ្តច្បាស់លាស់ជាងមុន ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធដែលអ្នកតំណាង។ ជាមួយគ្នានេះ ការស្នាក់នៅរបស់អ្នកនៅខេត្តសៀមរាបមានភាពសប្បាយរីករាយមួយ ហើយអ្នកបានជួបប្រទះនូវភាពកក់ក្តៅ មិត្តភាព និងការបដិសណ្ឋារកិច្ចដ៏សប្បុរសរបស់ប្រជាជនកម្ពុជា ហើយវាជាកិត្តិយស និងឯកសិទ្ធិសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការជួបជុំដ៏មានអត្ថន័យនេះនៅក្នុងទឹកដីដ៏ស្រស់ស្អាតរបស់យើង។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំដ៏ខ្ជាប់ខ្ជួនចក្ខុវិស័យយុទ្ធសាស្ត្រ និងការគាំទ្រឥតឈប់ឈរ ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបាន និងជោគជ័យ៕


ដោយ ឃុត សៅ





