ឯកឧត្តម ហ៊ែល តូនី ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពីការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថានទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចពិភាក្សាប្រឹក្សាយោបល់ ស្តីពីការផ្តួចផ្តមដើម្បីចីរភាពបរិស្ថានទន្លេសាបដែលសហការរៀបចំឡើងដោយ GlobalGreen Growth Institute (GGGI) ជាមួយក្រសួងបរិស្ថាន នៅសណ្ឋាគារ Sangri La រាជធានីភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើន។ ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមអនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានសាទរចំពោះគំនិតផ្តួចផ្តើមនេះ និងបានផ្តល់ជាអនុសាសន៍ និងទិសដៅមួយចំនួនដើម្បីជំរុញឱ្យគម្រោងដំណើរការទៅបានរលូនមានប្រសិទ្ធភាព និងចំគោលដៅ។

កម្មវិធីនេះផ្តោតលើគោលបំណង៤ជាអាទិភាព៖ គោលបំណងទី១ធ្វើវុឌ្ឍកម្មគុណភាពបឹងទន្លេសាបឡើងវិញកាត់បន្ថយឱ្យបានច្រើននូវការបំពុលដោយសារសំណល់ និងប្លាស្ទិកនៅក្នុងបឹងទន្លេសាបស្ទឹងនានាដែលហូរចូលមកក្នុងបឹងទន្លេសាប តំបន់ដីសើម និងតំបន់អេកូឡូស៊ីផ្សេងទៀតដែលងាយខូចខាត គិតត្រឹមឆ្នាំ២០៤០។ គោលបំណងទី២ធ្វើវុឌ្ឍកម្មអេកូឡូស៊ីបឹងទន្លេសាបឡើងវិញ កាត់បន្ថយឱ្យបានច្រើននូវវត្តមានប្រភេទរុក្ខជាតិទឹកដែលរាតត្បាតនៅក្នុងបឹងទន្លេសាប និងតំបន់ដីសើមជុំវិញគិតត្រឹមឆ្នាំ ២០៤០។ គោលបំណងទី៣ធ្វើពិពិធកម្មរបរចិញ្ចឹមជីវិតក្នុងមូលដ្ឋាន គិតត្រឹមឆ្នាំ២០៤០ បានធ្វើពិពិធកម្មរបរចិញ្ចឹមជីវិតក្នុងមូលដ្ឋាន ដើម្បីរួមបញ្ចូលការងារបៃតង និងមុខរបរ ជំនាញ ជំនួសផ្សេងទៀត នៅក្នុងវិស័យអេកូទេសចរណ៍ បន្ថែមលើការនេសាទ និងគោលបំណងទី៤ ស្តារឡើងវិញនូវតំបន់ទេសភាពរេចរឹលក្នុងតំបន់ទំនាបលិចទឹក បានកែលម្អគុណភាពតំបន់ទំនាបលិចទឹកដែលរេចរឹលបានដាំរុក្ខជាតិឡើងវិញ និងអនុវត្ត វិធានការអភិរក្ស ដើម្បីការពារព្រៃឈើ និងតំបន់ទំនាបលិចទឹកនៅជុំវិញ៕



ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





