សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៨ សីហា ២០២៥ ប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទីភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស ដោយអង្គសិក្ខាសាលាបានធ្វើបទបង្ហាញ និងពិភាក្សាទៅលើប្រធានបទចំនួនបួន រួមមាន៖ ១. ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២. តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣. តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤. បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្នុងសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ជំនួយការអប្បមាទទូទាំងប្រទេសមានតួនាទីជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល។ ជំនួយការអប្បមាទទូទាំងប្រទេស ត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិត ដែលមានភាពហ្មត់ចត់ ភាពស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ មណ្ឌលសំណេរនីមួយៗត្រូវមានជំនួយការអប្បមាទតាមនិយាមកំណត់១នាក់ទទួលខុសត្រូវ២បន្ទប់៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





