សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោ ក្នុងខណៈទាហានថៃបានវាយមកលើកងទ័ពកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ ក្នុងខណៈទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជា នៅតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាពីម្សិល ពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ សម្ដេចតេជោបន្តថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ សម្ដេចតេជោបានស្នើឱ្យបងប្អូនជនរួមជាតិ ប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែង លើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង»៕
ដោយ៖ ជឹម ណារី





