កម្ពុជា ឡាវ បេ្តជា្ញបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២២ ឱ្យកាន់តែសកម្មបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបេ្តជា្ញបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២២ ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះក៏បានផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាទាំងផ្លូវគោក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ដែលមានស្រាប់រួចហើយ ការសម្រួលបែបបទធ្វើដំណើរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរអាចទស្សនានៅតាមគោលដៅទេសចរណ៍នៃខេត្តជាប់ព្រំដែន។ល។

នាជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរួមគ្នាថាទេសចរណ៍ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរថែមទៀតផង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





