ក្រសួងបរិស្ថានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការជំរុញទីផ្សារឥណទានកាបូនរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន ដោយក្នុងនោះ រួមមានទាំងទីភ្នាក់ងារអវកាសជប៉ុន (JAXA)ដែលមានជំនាញ និងបទពិសោធន៍ ការប្រើប្រាស់រូបភាព និងទិន្នន័យ ពីផ្កាយរណប បានបង្ហាញនូវជំហរវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការ ជំរុញទីផ្សារឥណទានកាបូនរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។ នេះជាការលើកឡើងជារួមរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ក្រុមហ៊ុន green-carbon ក្រុមហ៊ុន Sagri Co.,Ltd, ក្រុមហ៊ុន Faeger Co.,Ltd, ក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Archeda, inc. ក្រុមហ៊ុនGOMI Solutions Co.,Ltd និងក្រុមហ៊ុន SpaceBlast,Inc ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានពិតជាមានក្តីរីករាយនឹងជំនួបដ៏មានសារៈសំខាន់នេះ និងសូមថ្លែងនូវការដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ដែលបានត្រួសត្រាយផ្លូវប្រកបដោយគតិបណ្ឌិត និងបានបង្កលក្ខណៈងាយស្រួលក្នុងការអនុញ្ញាតលិខិតស្នាមគតិយុត្តនានាចំពោះក្រសួងបរិស្ថាន ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យដំណើរការគម្រោងឥណទានកាបូន ក្នុងទីផ្សារកាបូនស្មគ្រ័ចិត្តទទួលបានជោគជ័យ។ បច្ចុប្បន្ននេះក្រោមការដឹងនាំប្រកបដោយបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការទាក់ទាញវិនិយោគិនពីគ្រប់ទិសទីតាមរយៈការវិនិយោគដែលមាន ច្បាប់បទដ្ឋានត្រឹមត្រូវ តល្លាភាព គណនេយ្យភាព និងសុក្រឹតភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវបទពិសោធន៍ និងដំណើរការប្រកបដោយជោគជ័យរបស់កម្ពុជានៅក្នុងការលក់ឥណទានកាបូនតាមទីផ្សារកាបូនស្មគ្រ័ចិត្តដោយបញ្ជាក់ថា ក្រសួងបរិស្ថានតែងឈរលើគោលការណ៍ណែនាំរបស់ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ( UNFCCC) និងកិច្ចព្រមព្រៀងប៉ារីស៍ត្រង់មាត្រា6.1 មាត្រា6.2 មាត្រា6.4 និងមាត្រា6.8 ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់ទៅលើគោលបំណងសំខាន់ចំនួន៣គឺ៖ ១-ការការពារព្រៃឈើ ២-អភិវឌ្ឍន៍សហគមន៍មូលដ្ឋានដែលអនុវត្តគម្រោងរេដបូក ៣-ការកសាងសមត្ថភាពទាក់ទងទៅនឹងការស្តារ និងការពារព្រៃឈើ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការរួមគ្នាវិនិយោគឥណទានកាបូន គឺការរួមគ្នាជួយអាយុជីវិតប្រជាជនយើងពីគ្រោះមហន្តរាយនានាដែលបង្កឡើងពីការកើនឡើងកំដៅភពផែនដី និងការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត គឺដល់ពេលវេលាហើយ ដែលកម្ពុជាត្រូវបង្ហាញពីភាពជោគជ័យក្នុងការថែរក្សាព្រៃកម្ពុជា តាមរយៈទីផ្សារឥណទានកាបូន ហើយយើងស្វាគមន៍បច្ចេកវិទ្យាថ្មីៗ ទំនើបៗ និងឆាប់រហ័សលើការធ្វើជីវម៉ាសព្រៃឈើផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានគាំទ្រ និងចូលរួមអនុវត្តគម្រោងរេដបូកចាប់តាំងពីកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ( UNFCCC) ឆ្នាំ២០១៤ និងប្រកាន់ភ្ជាប់នូវយន្តការទីផ្សារកាបូនស្មគ្រ័ចិត្ត (ការលក់មុខងារព្រៃឈើដែលមានតួនាទីស្រូបយកឧស្ម័នផ្ទះកញ្ចក់ឬ ឧស្ម័នកាបូនិចពីក្នុងបរិយាកាសយើង ទៅផ្ទុកក្នុងដើមឈើ)។ គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានកំពុងនឹងអនុវត្តគម្រោងរេដបូកបានអនុវត្តគម្រោងរេដបូកកែវសីម៉ា (មណ្ឌលគិរី ក្រចេះ) គម្រោងរេដបូកក្រវាញខាងត្បូង (កោះកុង ពោធិ៍សាត់) គម្រោងរេដបូកក្នុងយន្តការJCM (Joint Crediting Mechanism) គម្រោងរេដបូកព្រៃទ្បង់៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





