គ្រួសារពលរដ្ឋដែលមានកូនរងគ្រោះលង់ទឹកស្លាប់នៅស្រុកពញាឮ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារដែលមានកូនរងគ្រោះលង់ទឹកស្លាប់ដល់លំនៅឋាន ស្ថិតនៅភូមិស្រះពោធិ ឃុំផ្សារដែក និងភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។

មានមតិសំណេះសំណាលទៅកាន់ក្រុមគ្រួសាររងគ្រោះទាំង២ លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវបានសម្ដែងការចូលរួមរំលែកទុក្ខទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់អាយុជីវិតកូនជាទីស្រឡាញ់ ដោយឧបទ្ទវហេតុលង់ទឹកស្លាប់ និងសូមបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមជួយនាំដួងវិញ្ញាណក្ខន្ធសពកុមារទាំងពីរ បានទៅចាប់កំណើតនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកជំទាវបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលមានកូនតូចៗ ហើយពុំទាន់ចេះហែលទឹកត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ថែរក្សាការពារ កុំឱ្យមានករណីជួបនូវគ្រោះលង់ទឹកស្លាប់ ព្រោះអីរដូវនេះគឺជារដូវវស្សា ប្រសិនបើយើងមានការធ្វេសប្រហែស នោះឧបទ្ទវហេតុនៃការរងគ្រោះថ្នាក់បែបនេះវាប្រាកដនឹងមានកើតឡើងចំពោះក្រុមគ្រួសារប្រជាពលរដ្ឋរបស់យើងជាក់ជាពុំខានឡើយ។

សូមជម្រាបជូនថា អំណោយដែលសាខាបានផ្តល់ជូនដល់គ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ត្រីខ១យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ក្នុងនោះ សមាគមមិត្តដើម្បីមិត្តក៏បានជួយឧបត្ថម្ភថវិកាបន្ថែមក្នុង១គ្រួសារថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែកចំពោះគ្រួសារជនរងគ្រោះ១គ្រួសារទៀត រស់នៅភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ២០ម៉ឺនរៀលទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





