កូនពង្រូលចំនួនបីក្បាលទទួលការមើលថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- កូនពង្រូលដែលយើងបានសង្គ្រោះចំនួនបីក្បាល បានទទួលនូវការមើលថែទាំដោយផ្ទាល់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ កូនពង្រូលទាំងបីក្បាលនេះត្រូវបានជួយសង្គ្រោះតាំងពីពួកគេនៅតូចៗម្ល៉េះ ហើយពេលនេះពួកគេមានសុខភាពល្អនិងមានទម្ងន់ជាង ៧០០ក្រាមហើយ។ តទៅមុខទៀត យើងសង្ឃឹមថា ពួកគេនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះលែងឱ្យទៅរស់នៅក្នុងដែនជម្រកធម្មជាតិរបស់ពួកគេវិញ។

ប្រភពពីអង្គការ Wildlife បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ថា ពង្រូលគឺជាប្រភេទថនិកសត្វដែលគេជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក។ ស្រកាពង្រូលត្រូវបានគេយកទៅធ្វើជាឱសថបុរាណ រីឯសាច់ត្រូវបានគេជឿថាជាអាហារកម្រនិងមានតម្លៃថ្លៃនៅតាមតំបន់មួយចំនួន។ ទោះបីជាមានការហាមឃាត់មិនឱ្យជួញដូរជាលក្ខណៈអន្តរជាតិយ៉ាងណាក៏ដោយ ក៏ការជួញដូរខុសច្បាប់និងការទាក់ចាប់នៅតែបន្តគម្រាមកំហែងដល់ការរស់រានមានជីវិតរបស់ពួកគេ។ ពង្រូល ភាគច្រើនត្រូវបានគេប្រទះឃើញមានវត្តមានរស់នៅនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ជាប្រភេទរងការគម្រាមកំហែងជិតផុតពូជ ដែលមកទល់បច្ចុប្បន្ននេះ ចំនួនពង្រូលបានធ្លាក់ចុះរហូតដល់ ៨០ ភាគរយ៕
ដោយ ណយ នឿន





