អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការអភិវឌ្ឍភ្នំកូនខ្លែងឱ្យក្លាយជាតំបន់ទេសភាពធម្មជាតិដ៏ទាក់ទាញ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលភ្នំកូនខ្លែងដែលជាទីតាំងប្រវត្តិសាស្ត្រមួយមានប្រាសាទបុរាណនៅចំកណ្ដាល ស្ថិតក្នុងភូមិកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានបំណងរៀបចំអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសភាពធម្មជាតិដ៏សំខាន់មួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងឱកាសចុះពិនិត្យផ្ទាល់លើភ្នំកូនខ្លែង ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍតំបន់នេះឱ្យក្លាយជារមណីយដ្ឋានធម្មជាតិគំរូ ដោយបានបញ្ជាក់ថា «ភ្នំកូនខ្លែងមានសក្តានុពលខ្ពស់ណាស់ មិនត្រឹមតែមានប្រាសាទបុរាណជាទីតាំងប្រវត្តិសាស្ត្រដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងមានទេសភាពធម្មជាតិស្រស់ត្រកាលពិសេសដើមត្របែកព្រៃដែលមានផ្ការីកអាចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ យើងនឹងខិតខំប្រែក្លាយទីនេះឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងរក្សាបាននូវសោភ័ណភាពដើម»។

ឯកឧត្តមបានបន្តទៀតថា ផែនការអភិវឌ្ឍន៍នេះនឹងរួមបញ្ចូលការកែលម្អផ្លូវឡើងភ្នំ ការរៀបចំកន្លែងសម្រាក ការដាំកូនឈើបន្ថែម និងការរៀបចំកន្លែងទស្សនាប្រាសាទឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ភ្នំកូនខ្លែងមានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ ដោយស្ថិតនៅក្នុងតំបន់ការពារទេសភាពធម្មជាតិអាងត្រពាំងថ្ម ដែលជាតំបន់អភិរក្សសត្វស្លាបដ៏ល្បីល្បាញមួយនៅកម្ពុជា។ ការរួមបញ្ចូលគ្នារវាងប្រាសាទបុរាណ ទេសភាពព្រៃភ្នំធម្មជាតិ និងភាពនៅជិតអាងត្រពាំងថ្ម នឹងបង្កើតបានជាកញ្ចប់ទេសចរណ៍ដ៏ទូលំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរចូលចិត្តធម្មជាតិ ប្រវត្តិសាស្ត្រ និងការបរបាញ់រូបភាពសត្វព្រៃ។ ប្រាសាទដែលស្ថិតនៅចំកណ្ដាលភ្នំកូនខ្លែងនេះ គឺជាភស្តុតាងមួយបញ្ជាក់ពីអរិយធម៌បុរាណដែលធ្លាប់មានវត្តមាននៅតំបន់នេះ។ ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រាសាទនេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌របស់ខេត្តបន្ទាយមានជ័យឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានោះ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ភ្នំកូនខ្លែងនេះ ដោយបានលើកឡើងថា «ក្នុងនាមអាជ្ញាធរមូលដ្ឋាន យើងរីករាយជាខ្លាំងដែលឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ដល់តំបន់យើង។ ការអភិវឌ្ឍន៍ភ្នំកូនខ្លែងនេះដែលមានព្រៃឈើសហគមន៍ប្រមាណជាង២០០០ហិកតានឹងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ ទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ តាមរយៈសេដ្ឋកិច្ចទេសចរណ៍។ យើងនឹងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមសហការជាមួយរដ្ឋបាលខេត្តដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យ»។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងឃុំប៉ោយចារ និងបណ្តាស្រុកជុំវិញ ក៏បានបង្ហាញពីក្តីរំភើបនិងសង្ឃឹមយ៉ាងមុតមាំថា ភ្នំកូនខ្លែងនឹងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលនឹងនាំមកនូវការរីកចម្រើនដល់សហគមន៍របស់ពួកគាត់។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែលើកស្ទួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយទៀតផង។
សូមបញ្ជាក់ថា ភ្នំកូនខ្លែងមានលក្ខណៈភូមិសាស្ត្រចម្រុះ តំបន់នេះត្រូវបានហ៊ុំព័ទ្ធដោយភ្នំតូចៗ និងព្រៃឈើបៃតងស្រងាត់ពិសេសសម្បូរដោយដើមត្របែកព្រៃដែលមានផ្ការីកស្រស់ត្រកាល ដែលផ្តល់នូវទេសភាពធម្មជាតិដ៏ត្រជាក់ភ្នែក និងបរិយាកាសបរិសុទ្ធ។ ព្រៃឈើទាំងនេះក៏ជាជម្រកសម្រាប់សត្វព្រៃមួយចំនួនផងដែរ។ នៅជុំវិញភ្នំកូនខ្លែង មានប្រភពទឹកធម្មជាតិ ដូចជាអូរ ឬអន្លង់ ដែលអាចផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ដីនៅតំបន់នេះមានជីជាតិ ដែលអាចអនុគ្រោះដល់ការដាំដុះដំណាំកសិកម្មមួយចំនួននៅតាមតំបន់ជុំវិញ។ សក្តានុពលលើវិស័យទេសចរណ៍ ទេសភាពភ្នំ ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធ អាចទាក់ទាញភ្ញៀវទេសចរដែលនិយមការបោះជំរុំ ឡើងភ្នំ ដើរព្រៃ និងស្វែងយល់ពីធម្មជាតិ។ ការរៀបចំផ្លូវឡើងភ្នំ និងចំណុចឈរទស្សនាទេសភាព នឹងជួយបង្កើនបទពិសោធន៍ទេសចរណ៍។ ដោយសារដីមានជីជាតិ តំបន់នេះអាចអភិវឌ្ឍជាកសិទេសចរណ៍ ដោយរៀបចំកសិដ្ឋានគំរូ ឬចំការដំណាំផ្សេងៗ ដែលភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពដាំដុះ ឬទស្សនាដោយផ្ទាល់។ សម្រាប់ភ្ញៀវដែលចូលចិត្តការផ្សងព្រេង តំបន់នេះអាចរៀបចំសកម្មភាពដូចជាជិះកង់ឡើងភ្នំ ឬរុករកល្អាងធម្មជាតិ (ប្រសិនបើមាន)។ តាមរយៈការដាំដើមឈើបន្ថែម និងការថែរក្សាព្រៃឈើដែលមានស្រាប់ ភ្នំកូនខ្លែងអាចក្លាយជាឧទ្យានជាតិ ឬឧទ្យានរុក្ខជាតិមួយដ៏សំខាន់សម្រាប់ការពារជីវចម្រុះ និងទាក់ទាញភ្ញៀវទេសចរ៕
ដោយ ឈុន សារ៉ាត





