អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារពទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារពទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លៀសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានចាត់ទុកទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ការលែងកូនត្រីនិងពូជមេត្រីនេះគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផល ដ៏ល្អប្រសើរនៃការគ្រប់គ្រង និងការអភិរក្សធនធានជលផល ធម្មជាតិ អំពីសារៈប្រយោជន៍ នៃការប្រារព្ធទិវាមច្ឆាជាតិ។ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍន៍ ជាពិសេសសុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារមេពូជត្រី និងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅយើងជំនាន់ ក្រោយៗទៀត។

ក្នុងឱកាសប្រារពទិវាដ៍មានតម្លៃនាពេលនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លោក លោកស្រី មន្ត្រីរាជការទាំងអស់ បានធ្វើពិធីលែងពូជត្រីចំនួន ៥ម៉ឺនក្បាលជាងផងដែរ៕



ដោយ ៖បៃ ស៊ីថុន





