ឯកឧត្តម នេត្រ ភក្ត្រា៖ ថៃប្រើយុទ្ធសាស្ត្រកខ្វក់ ផ្សាយព័ត៌មានបំភ្លើសបំភ្លៃ ខុសពីការពិត អំឡុងពេលមានជម្លោះព្រំដែនជាមួយកម្ពុជា
AKP សៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--
ចាប់តាំងពីមានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាមក សារព័ត៌មានរបស់ថៃទាំងតូចទាំងធំ បានផ្សាយបំប៉ោង បំភ្លើសបំភ្លៃខុសពីការពិត ធ្វើឱ្យអ្នកអាន អ្នកស្ដាប់មានការភាន់ច្រឡំ ជាការបង្កហេតុឱ្យបានអរិភាពរវាងប្រទេសទាំងពីរ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា កន្លងមកប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយច្រើនធ្វើឱ្យប្រជាជនរបស់ខ្លួនទទួលបានតែព័ត៌មានមិនត្រឹមត្រឹម ចំណែកប្រជាជនកម្ពុជាមិនជឿលើសារព័ត៌មានថៃទាំងនោះឡើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា«ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយច្រើនជាអ្វីដែលយើងបានឃើញ កត់សម្គាល់នាពេលកន្លងទៅនៃការផ្សព្វផ្សាយ បំភ្លៃបំភ្លើស អាហ្នឹងគឺជាយុទ្ធសាស្ត្ររបស់គាត់ដែលគេហៅថាជា Dirty Strategy គឺយុទ្ធសាស្ត្រកខ្វក់នៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលបំភ្លៃបំភ្លើសព័ត៌មានដែលមិនត្រឹមត្រូវដើម្បីគោលបំណងអ្វីមួយ ប៉ុន្តែចំពោះចំណុចនេះ គឺសម្រាប់ប្រជាជនកម្ពុជារបស់យើងគឺដោយសារប្រជាជនកម្ពុជារបស់យើងមានភាពនឹងនរ មានភាពចាស់ទុំ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងប្រព័ន្ធផ្សព្វផ្សាយឯកជនរបស់យើង គឺគាត់មានការយល់ដឹងខ្ពស់ មានការនឹងនរ ហើយគាត់មិនជឿលើព័ត៌មានដែលក្លែងក្លាយទេ អ៊ីចឹងគឺការដែលភាគីម្ខាងទៀតគាត់បង្កើតព័ត៌មានក្លែងក្លាយអាហ្នឹងគឺជារឿងរបស់គាត់ហើយ ប្រជាជនគាត់ទទួលបានតែព័ត៌មានមិនត្រឹមត្រូវ អ៊ីចឹងគឺជាអ្វីមួយដែលយើងគួរសោកស្ដាយដែរ»។

តាមរយៈជំនួបទ្វេភាគី អំឡុងពេលសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ពីថ្ងៃទី២១ដល់២៣នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ ហើយនៅក្នុងកិច្ចប្រជុំបិទទ្វារក៏ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហានៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលជាយុទ្ធសាស្ត្រកខ្វក់មួយដែលបង្កើតឡើង ហើយផលវិបាកគឺទៅលើអ្នកដែលប្រើប្រាស់ ទៅលើប្រជាជនដែលជាអ្នកទទួល និងអ្នកដែលមិនបានដឹង។

ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលទទួលស្ដាប់នូវព័ត៌មានផ្លូវការពីសារព័ត៌មានកម្ពុជាខ្លួនឯង ហើយពេលព័ត៌មានរបស់ភាគីថៃផ្សព្វផ្សាយគឺគាត់មិនជឿ ហើយពេលខ្លះមិនច្បាស់ក៏គាត់ដាក់ជាសញ្ញាសួរ គាត់មិនបានចែករំលែក ហើយគាត់បានប្រាប់ថា អាខ្លឹមសារព័ត៌មាននោះមិនត្រឹមត្រូវទេ។
ប្រទេសកម្ពុជាក្រោមការដឹករបស់សម្ដេចតេជោ សម្ដេចធិបតី ធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ មានភាពនឹងនរក្នុងចិត្ត មិនជឿផ្ដេសផ្ដាសទេ ហើយមុននឹងចែករំលែក ផ្សព្វផ្សាយបន្តទាល់តែដឹងព័ត៌មានច្បាស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រទេសកម្ពុជាមានប្រភពព័ត៌មានច្បាស់លាស់ចំនួនបួនគឺ ទី១.ពាក់ព័ន្ធកងទ័ព ក្រសួងការពារជាតិជាអ្នកចេញសេចក្ដីថ្លែងការណ៍ ទី២. ពាក់ព័ន្ធការងារការទូត និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការយកសំណុំរឿង ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ព័ត៌មានផ្លូវការចេញពីក្រសួងការបរទេស ទី៣. ពាក់ព័ន្ធគោលជំហររបស់រាជរដ្ឋាភិបាលគឺចេញពីអ្នកនាំពាក្យរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងទី៤. គឺព័ត៌មានចេញពីប្រព័ន្ធតេឡេក្រាម និងហ្វេសប៊ុករបស់សម្ដេចធិបតី សម្ដេចតេជោ ដែលបង្ហាញពីគោលជំហរនៃប្រទេសកម្ពុជាចំពោះបញ្ហាផ្សេងៗ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបភាព៖ ក្រុមការងារ AKP





