រដ្ឋមន្ត្រីក្រសួងអប់រំប្រាប់សិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ត្រៀមឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស ខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា តាមរយៈការប្រឡងសាកល្បងថ្មីៗនេះនាំឱ្យប្អូនៗបេក្ខជនទាំងអស់អាចវាស់ស្ទង់កម្រិតសមត្ថភាព មើលឃើញពីបញ្ហាដែលប្រឈមនៅពេលប្រឡងយកមកសិក្សា និងកែតម្រូវ ព្រមទាំងខិតខំបន្ថែមដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ហើយថានៅថ្ងៃប្រឡងសូមប្អូនៗទាំងអស់កុំមានការបារម្ភខ្លាំងពេក សូមហូបចុក និងគេងឱ្យគ្រប់គ្រាន់ និងរៀបចំពេលវេលារម្លឹកមេរៀនឱ្យបានទៀងទាត់ ពោលគឺត្រូវតែត្រៀមឱ្យបានល្អសម្រាប់ការប្រឡងដ៏សំខាន់មួយនេះ។


ឯកឧត្តមបានបន្តថា សម្រាប់អ្នកដែលប្រឡងជាប់សូមប្អូនៗសិស្សានុសិស្សព្យាយាមចាប់យកឱកាសអាហារូបករណ៍នៅតាមសាកលវិទ្យាល័យ ឬជំនាញវិជ្ជាជីវៈឱ្យបានសមស្របតាមសមត្ថភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន បង្ការការសម្រេចចិត្តខុសមួយគ្រានាំឱ្យបាត់បង់ឱកាសរៀនសូត្រ ខាតបង់ទាំងពេលវេលា និងធនធាន។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងសាកលវិទ្យាល័យនានា និងសហការី នាយក គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្កើតបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ជាពិសេសសូមកោតសរសើរចំពោះការគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងការខិតខំប្រឹងប្រែងសង្វាតរៀនសូត្ររបស់សិស្សានុសិស្សផ្ទាល់ ដែលធ្វើឱ្យវិទ្យាល័យសម្រេចបានអត្រាប្រឡងជាប់ដល់ទៅ៩៩ភាគរយនាឆ្នាំកន្លងទៅ ដែលនេះជាលទ្ធផលគួរជាទីមោទនៈបំផុត ហើយជឿជាក់យ៉ាងមុតមាំថាវិទ្យាល័យកងតាណឹងនឹងអាចសម្រេចបានអត្រាប្រឡងជាប់១០០ភាគរយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥ ខាងមុខនេះ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





