“បវរកញ្ញាផែនដី” គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី
KPភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥-
អ្នកនាង Tiffany Vu អ្នកគ្រប់គ្រងថ្នាក់ជាតិនៃ Miss Earth Cambodia ២០២៥ បានបញ្ជាក់ប្រាប់ថា « ក្នុងនាមជានាយកថ្នាក់ជាតិនៃ Miss Earth Cambodia 2025”។ ថ្ងៃនេះជាការចាប់ផ្តើមនៃជំពូកថ្មីសម្រាប់បំផុសគំនិត ដែលប្រារព្ធវេទិកាដ៏មានឥទ្ធិពលសម្រាប់ស្ត្រីកម្ពុជាក្នុងការងើបឡើង និងប្រែក្លាយជាអ្នកដឹកនាំ»។

អ្នកនាង Tiffany Vu បានឱ្យដឹងថា បវរកញ្ញាផែនដី គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំចំនួនបួន ចាប់តាំងពីឆ្នាំ២០០១ ជាមួយនឹងកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។ ខ្ញុំបានសម្រេចចិត្តទទួលបានអាជ្ញាបណ្ណបវរកញ្ញាផែនដី ដោយសារតែខ្ញុំចង់នាំយកវេទិកាដ៏អស្ចារ្យនេះ ដើម្បីផ្តល់ឱកាសដល់ស្ត្រីកម្ពុជាក្នុងការបញ្ចេញសំឡេង ចែករំលែកទស្សនៈរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ។
អ្នកគ្រប់គ្រងថ្នាក់ជាតិរូបនេះបន្ថែមថា «ចំពោះនារីដែលនឹងគ្រងមកុដ Miss Earth Cambodia 2025 បានបង្ហាញសម្រស់ ចំណង់ចំណូលចិត្ត និងការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារបរិស្ថាន។ នាងបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញសំឡេងសម្រាប់ការផ្លាស់ប្តូរ”។
ដោយឡែកកញ្ញា សារ៉ាន់ គីមឡាង ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Earth Cambodia 2025 បានលើកឡើងថា ជាមួយភាពស្រស់ស្អាត សំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន គឺ កញ្ញាបានតាំងចិត្តខ្ពស់ដើម្បីទៅប្រកួតបន្តនៅលើឆាកអន្តរជាតិ ដោយម្ចាស់ជ័យលាភីរូបនេះ ក៏គ្រោងលើយកនូវប្រធានបទការការពារបរិស្ថាន និង ការទុកដាក់សំរាម ដើម្បីបញ្រ្ជាបការយល់ដឹងដល់យុវជន និងពលរដ្ឋបន្តថែរក្សាបរិស្ថានឱ្យបានស្អាតថែមទៀតផង។

កញ្ញាសារ៉ាន់ គីមឡាង បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះបញ្ហាបរិស្ថាននៅកម្ពុជា ដែលតែងតែបង្ហាញឱ្យឃើញតាមរយៈសំឡេង និងសកម្មភាពជាប្រចាំ ដើម្បីជួយជំរុញការផ្លាស់ប្តូរដល់សហគមន៍ និងសង្គម ជាពិសេសកញ្ញាបានត្រៀមខ្លួនជាស្រេចក្នុងការតំណាងនាំយកឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាក Miss Earth អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កញ្ញា សារ៉ាន់ គីមឡាង បានក្លាយជាម្ចាស់មកុដ Miss Earth Cambodia 2025 ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមការប្រកួតប្រជែងឆាកអន្តរជាតិ Miss Earth 2025 នៅឯប្រទេស ហ្វីលីពីន ខណៈបេក្ខភាពបវរកញ្ញា២រូបទៀត គឺ កញ្ញា អាសូរ៉ា មូនីកា និង មាន សុវណ្ណរចនា ត្រឹមទទួលបានជ័យលាភីបវរកញ្ញាឯករងផងដែរ៕
ដោយ៖មករា





