ផ្លូវលំ១៣គីឡូម៉ែត្រ នៅស្រុកភ្នំស្រុក នឹងត្រូវជួសជុលឡើងវិញ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យលើផ្លូវមួយខ្សែដែលមានប្រវែង១៣គីឡូម៉ែត្រ ចាប់ពីភូមិកុងសៀម ឃុំណាំតៅ រហូតដល់ភូមិកូនខ្លែង ភូមិធ្មេញត្រី និងភូមិតេជោសន្តិភាពការ៉េពី ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ការចុះពិនិត្យនេះ គឺដើម្បីត្រៀមស្ថាបនា និងជួសជុលផ្លូវឡើងវិញ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីភូមិកូនខ្លែងមកកាន់ទីរួមស្រុក។

ក្នុងឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍គូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទ និងបានលើកឡើងថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ជនបទដែលប្រឈមនឹងការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ការជួសជុលផ្លូវនេះគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍផ្លូវគមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។»

ឯកឧត្តមបានបន្តទៀតថា «នៅពេលផ្លូវត្រូវបានជួសជុលរួចរាល់ វានឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូនទៅកាន់ទីផ្សារ កាត់បន្ថយពេលវេលា និងចំណាយ ហើយសំខាន់បំផុតគឺវាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។ យើងនឹងខិតខំពន្លឿនគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។»
ការប្រកាសពីគម្រោងជួសជុលផ្លូវនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិកូនខ្លែង ភូមិធ្មេញត្រី និងភូមិតេជោសន្តិភាពការ៉េពី ព្រមទាំងភូមិកុងសៀម បង្ហាញក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងក្លា។ អ្នកស្រី ឈិន សុផល អាយុ ៤៥ឆ្នាំ ជាកសិកររស់នៅភូមិកូនខ្លែង បានសម្តែងអារម្មណ៍ថា«ពួកខ្ញុំពិតជាសប្បាយចិត្តណាស់ដែលថ្នាក់ដឹកនាំខេត្តបានចុះមកពិនិត្យផ្លូវផ្ទាល់បែបនេះ។ ផ្លូវនេះខូចជាយូរមកហើយ ពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសពេលភ្លៀងម្តងៗ ល្បាប់ភក់ច្រើនពិបាកចេញចូលផ្ទះ ហើយបើឈឺម្តងៗការដឹកអ្នកជំងឺទៅមន្ទីរពេទ្យក៏ពិបាកដែរ។ ឥឡូវលឺថានឹងជួសជុលឡើងវិញ ពួកខ្ញុំសង្ឃឹមថាជីវភាពនឹងកាន់តែប្រសើរឡើង។»

ចំណែកលោក ប៉េង សារឿន អាយុ ៥៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនៅក្នុងតំបន់ បានលើកឡើងថា «ផ្លូវមិនល្អធ្វើឱ្យខ្ញុំពិបាករកស៊ីណាស់ លំបាកដឹកភ្ញៀវផង ខូចម៉ូតូអស់ច្រើនផង។ បើផ្លូវល្អវិញ ការដឹកជញ្ជូននឹងលឿនជាងមុន ហើយខ្ញុំក៏អាចរកចំណូលបានច្រើនជាងមុនដែរ។ នេះពិតជាដំណឹងល្អសម្រាប់ពួកយើងដែលរស់នៅទីនេះ។»
គួរបញ្ជាក់ថា ការជួសជុលផ្លូវជនបទជាប្រចាំគឺជាអាទិភាពមួយរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិពីមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ក្រោយពីការចុះពិនិត្យនេះ ក្រុមការងារជំនាញនឹងបន្តសិក្សាលម្អិតដើម្បីចាប់ផ្តើមគម្រោងជួសជុលផ្លូវនេះឱ្យបានឆាប់បំផុត៕
ដោយ ឈុន សារ៉ាត





