មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានរៀបចំបើកសិក្ខាសាលា ស្ដីពី"ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា"
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ -- កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានរៀបចំបើកសិក្ខាសាលាស្ដីពី "ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា"។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម លោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកលោកស្រីថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្តតាកែវ តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវនិងខេត្តកំពត តំណាងមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តតាកែវ ប្រធានក.ប.បខេត្តតាកែវ លោកលោកស្រីប្រធានសមាគម ម្ចាស់ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ សិស្សានុសិស្ស និស្សិត មកពីបណ្ដាសកលវិទ្យាល័យនានា ក្នុងខេត្តតាកែវចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីបើកអង្គសិក្ខាសាលានោះ ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានថ្លែងថា ផលិតផលខ្មែរបច្ចុប្បន្ននេះ មានទាំងបរិមាណគុណភាពនិងអនាម័យល្អមិនចាញ់បរទេសនោះទេ ពោលអាចប្រកួតប្រជែងលើទីផ្សារបាន។ដូច្នេះបងប្អូនប្រជាពលរដ្ឋគួរតែគិតពិចារណា ងាកមកទិញទំនិញជាផលិតផលដែលជាស្នាដៃខ្មែរ បានដាក់លក់លើទីផ្សារឬដាក់លក់នៅលើកម្មវិធីអ្វីមួយ។ព្រោះការទិញផលិតផលក្នុងស្រុករបស់យើង វាជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមខ្មែរយើងផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផងដែរ។
ឯកឧត្ដម កៅ កោសល បានមានប្រសាសន៍បន្តថា កន្លងមកនេះក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការជាច្រើនដើម្បីជួយទិញផលិតផលរបស់ខ្មែរ ជួយប្រើប្រាស់ផលិតផលខ្មែរ។ក៏ប៉ុន្តែដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ ឲ្យទិញឬប្រើប្រាស់ផលិតផលខ្មែរ គឺត្រូវតែផលិតផលក្នុងស្រុកយើង មានគុណភាពប្រហាក់ប្រហែលនឹងផលិតផលបរទេស។ម្យ៉ាងវិញទៀតបើផលិតផលក្នុងស្រុកយើង អាចនាំទៅលក់លើទីផ្សារបរទេសបាន គឺតម្រូវឲ្យមានលក្ខខណ្ឌមួយចំនួនដូចជា វេចខ្ចប់ អនាម័យ និងពង្រឹងគុណភាព ស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ទើបអាចនាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេសបាន។






ដោយ ៖អ៊ុច សៀង





