សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវគ្រប់ភាគីបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា
AKP កណ្ដាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងនៅខេត្តកណ្ដាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្ដរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា»។

សម្ដេចធិបតី បន្ដថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា។ អង្គភាពការពារកុមារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណង ក្នុងការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមារងគ្រោះ ដោយសារបទល្មើស បៀតបៀនកេងប្រវ័ញ្ច។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា លើសពីនេះ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា មានចក្ខុវិស័យ វែងឆ្ងាយ និងបេសកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ សម្រាប់ដឹកនាំអង្គភាព ឱ្យទទួលបានជោគជ័យ៕
ដោយ៖ ប៊ុនរិទ្ធ





