សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលស្វាគមន៍ អង្គការទាំងអស់ដែលធ្វើការងារពិតជាក់ស្ដែង ដើម្បីជួយដល់កម្ពុជា
AKP កណ្ដាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--ផ្ទុយពីការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនដែលចោទថា រាជរដ្ឋាភិបាលកម្ពុជាមានបញ្ហាក្នុងការធ្វើការជាមួយអង្គការក្រៅរាជរដ្ឋាភិបាល។ នៅព្រឹកថ្ងៃទី២៣ កក្កដានេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសស្វាគមន៍គ្រប់អង្គការទាំងអស់ដែលធ្វើការពិតប្រាកដើម្បីជួយដល់កម្ពុជា។

ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌល ផ្កាឈូក របស់អង្កការ មូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកនេះ សម្ដេចធិបតី បានថ្លែងថា នៅកម្ពុជាមានអង្គការច្រើនណាស់ដែលបានចូលមកធ្វើការជាមួយរាជរដ្ឋាភិបាលតាំងពីបែក របប ប៉ុល ពត មក។ កម្ពុជាមិនរើសអើងអង្គការណាមួយឡើយ ឱ្យតែមានឆន្ទៈពិតប្រាកដសហការជាមួយកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា«យើងនៅបន្តធ្វើជាមួយ អង្គការដៃគូដែលធ្វើការងារពិត ធ្វើការងារជាក់ស្ដែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយទៅដល់គ្រប់វិស័យរបស់កម្ពុជា រាជរដ្ឋាភិបាលនៅតែចាត់ទុក ជាដៃគូពិសេស និងបន្តសហការនិងគាំទ្រ នេះជាការប្ដេជ្ញាចិត្តរបស់យើង»។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អង្គការទាំងឡាយណា ដែលនៅតែសហការល្អជាមួយកម្ពុជាលើគ្រប់ផ្នែក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





