កម្លាំងជំនាញចម្រុះបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥-- លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហគមន៍នេសាទនាងនយតាពីសាមគ្គីស្វាយអៀ និងសហគមន៍នេសាទស្ពានគ្រង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចត្រីពង ប្រផៅ កោះ ខ្នាយមាន់ រាំងជ្រុំ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណី ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុងចំនួន២៥ របាំងប្រវែង១៥០០ម៉ែត្រ បង្គោលចំនួន៥០០ដើម ឡុកចំនួន២៥គ្រឿង លូចំនួន៥០មាត់ និងបានចាក់លែងត្រីស្រស់ទម្ងន់៥០គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរសេនីយ៍ទោ ស៊ុន សារិន ប្រធានទីបញ្ជាការស្រាល (យោធភូមិភាគទី៤) តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមសហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្តាយ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងពាម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន០២របាំងប្រវែង៤៥០ម៉ែត្រ បង្គោលចំនួន២០០ដើម សាច់ឡុកចំនួន២គ្រឿង លបលូចំនួន៤មាត់។

លោក ហួន ផល សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងប្រសាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុងចំនួន២របាំងប្រវែង២៤០ម៉ែត្រ ឡុកស្បៃមុងចំនួន៦គ្រឿង លូស្បៃមុងចំនួន១២មាត់ បង្គោលឈើចំនួន២៦០ដើម។

លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចដៃស្រឡៅ កោះតាកែវ បឹងទុង បឹងកក់ និងចង្អើរលាវ ស្ថិក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង០៨របាំងប្រវែង៣៨៤ម៉ែត្រ ឡុកចំនួន០៨គ្រឿង លបលូចំនួន០៨មាត់ បង្គោលចំនួន១៨៤ដើម និងចាក់លែងត្រីស្រស់ចម្រុះទម្ងន់១៥គីឡូក្រាមចូលទន្លេវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ក្នុងរយៈពេលជាង៥០ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរដូវបិទនេសាទ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះបង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់អួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតបានប្រវែងប្រមាណជាង៤៣គីឡូម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបន្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ពិសេសក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យទទួលបានជោគជ័យ ដើម្បីធ្វើឱ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ និងបានជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល ព្រមទាំងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





