ប្រជាពលរដ្ឋស្រុកអូរជ្រៅសម្ដែងក្តីត្រេកអរចំពោះយុទ្ធនាការកែតម្រូវឯកសារដល់មូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--ប្រជាពលរដ្ឋក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំងចំពោះយុទ្ធនាការចុះកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មដល់មូលដ្ឋានដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ក្នុងការជំរុញកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាអតិបរមា។ ជាក់ស្ដែង វត្តមានរបស់ក្រុមការងារចំពោះកិច្ច ចុះដល់មូលដ្ឋានផ្ទាល់នេះ បានកាត់បន្ថយបន្ទុកការងារ និងការចំណាយរបស់ប្រជាពលរដ្ឋយ៉ាងច្រើន ព្រោះពួកគេមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់ទីរួមខេត្ត ឬស្ថាប័នពាក់ព័ន្ធឡើយ។

អ្នកស្រី សុខ នី អាយុ៤៥ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ បានថ្លែងទាំងស្នាមញញឹមថា «ខ្ញុំពិតជារីករាយណាស់ដែលក្រុមការងារបានចុះមកដល់ភូមិផ្ទាល់បែបនេះ។ កាលពីមុន បើសិនជាមានឯកសារខុសឆ្គង ខ្ញុំត្រូវចំណាយពេលធ្វើដំណើរទៅទីរួមស្រុក ឬខេត្ត ហើយត្រូវចំណាយលុយជួលម៉ូតូថែមទៀត។ តែឥឡូវនេះ គេមកដល់ផ្ទះតែម្ដង គឺលឿនហើយអត់គិតលុយទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រុមការងារទាំងអស់ដែលបានគិតគូរពីពួកយើង»។

ចំណែកលោកតា រស់ សារឹម អាយុ ៧០ ឆ្នាំ ដែលបានមកកែតម្រូវថ្ងៃខែឆ្នាំកំណើតក្នុងសៀវភៅគ្រួសារ ក៏បានបញ្ជាក់ដែរថា «ខ្ញុំចាស់ហើយពិបាកធ្វើដំណើរណាស់។ ពេលដឹងថាមានគេចុះមកជួយកែឯកសារដល់មូលដ្ឋាន ខ្ញុំសប្បាយចិត្តណាស់។ ឥឡូវកូនចៅខ្ញុំអាចយកឯកសារទៅធ្វើការងារផ្សេងៗបានយ៉ាងងាយស្រួល មិនបារម្ភរឿងខុសឆ្គងទៀតទេ»។

ជុំវិញយុទ្ធនាការនេះ លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានលើកឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថា «យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មូលដ្ឋាននេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទដាច់ស្រយាល។ នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ។ មកទល់ពេលនេះ ការងារនៅស្រុកអូរជ្រៅ ជិតបិទបញ្ចប់សព្វគ្រប់ហើយ»។
លោកអភិបាលស្រុកបានបន្តទៀតថា «យើងខ្ញុំក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមប្ដេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តបង្កើនគុណភាពសេវាសាធារណៈ និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបាននូវឯកសារផ្លូវការត្រឹមត្រូវតាមច្បាប់។ មន្ត្រីគ្រប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ក៏បានប្តេជ្ញាបញ្ចប់យុទ្ធនាការកែតម្រូវទូទាំងខេត្តឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ ២០២៥ ផងដែរ»។
យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មូលដ្ឋាននេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានទិន្នន័យជាតិឲ្យកាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត៕
ដោយ ឈុន សារ៉ាត





