ដំណើរទស្សនកិច្ចរួមគ្នា ដើម្បីត្រួតពិនិត្យ និងស្វែងយល់ពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់បុគ្គលិកសង្គមកិច្ចនៅក្នុងខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ចរួមគ្នាដើម្បីត្រួតពិនិត្យ និងស្វែងយល់ពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់បុគ្គលិកសង្គមកិច្ចនៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បន្ថែមពីតួនាទី ភារកិច្ចរបស់បុគ្គលិកសង្គមកិច្ច ដោយបានផ្ដោតលើបទពិសោធន៍ល្អៗនៃការអនុវត្ត បញ្ហាប្រឈម និងសំណូមពរនានា។

ដំណើរទស្សនកិច្ចរួមគ្នានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារសាធារណៈ តំណាងអភិបាលខេត្ត ក្រុមការងារនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងអង្គការយូនីសេហ្វ តំណាងកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត តំណាងមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងពីការគាំទ្រសំខាន់ៗមួយចំនួនពីក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារសង្គមកិច្ច ជាពិសេសផ្ដោតលើកិច្ចការពារកុមារ ដែលជាកិច្ចការដ៏មានសារៈសំខាន់ត្រូវយកចិត្តទុកដាក់ ដើម្បីជាមូលដ្ឋានកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ តាមរយៈការផ្ដល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការគាំទ្រសកម្មភាពកិច្ចគាំពារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនូវគោលនយោ បាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការសកម្មភាពនានា។ តួយ៉ាងមាន ការកំណត់នូវមូលនិធិចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងសកម្មភាពគាំពារសង្គម ការរៀបចំស្ដង់ដានីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យដាក់បញ្ចូលសកម្មភាពកិច្ចការពារកុមារចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលកិច្ចការទាំងនេះជាយន្តការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចការនេះទទួលបានលទ្ធផលស្របតាមផែនការដែលបានគ្រោងទុក៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





