ក្រុមអ្នកស្រាវជ្រាវអង្គការ WWF សិក្សាផ្តោតលើសត្វល្មូន និងថកជនិកសត្វ នៅក្នុងដែនជម្រកសត្វព្រៃសំបូរ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--មន្ត្រីអង្គការ WWF នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ថា ការសិក្សាផ្តោតលើសត្វល្មូន និងថកជនិកសត្វ កំពង់នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលចូលរួមដោយក្រុមអ្នក ស្រាវជ្រាវ អង្គការ WWF សហគមន៍មូលដ្ឋាន និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមន្ត្រីឧទ្យានុរក្ស ។

និស្សិតថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមដោយអ្នកជំនាញខាងថកជនិកសត្វអន្តរជាតិចំនួន ៣ នាក់ បានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងដែនជម្រកសត្វព្រៃសំបូរ នៅខែមិថុនា និងកក្កដានេះ ដើម្បីសិក្សាស្រាវជ្រាវអំពីសត្វល្មូន និងថកជនិកសត្វ។ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ព្រៃឈើភ្នំសេះ និងមន្ត្រីឧទ្យានុរក្ស ក្រុមការងារស្រាវជ្រាវបានប្រមូលទិន្នន័យសំខាន់ៗជាច្រើន ដើម្បីស្វែងយល់ពីសុខដុមនីយកម្មរវាងសត្វពស់ និងមនុស្ស ភាពចម្រុះនៃប្រភេទសត្វ និងភាពប្រែប្រួលទៅនឹងគ្រោះរាំងស្ងួតទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផលកាលពីថ្ងៃទី ១៦ ខែកក្កដានេះ ក្រុមការងារយើងបានចែករំលែកការរកឃើញបឋម និងធ្វើផែនយុទ្ធសាស្រ្តសម្រាប់ការចូលរួមសហគមន៍មូលដ្ឋាននៅក្នុងការស្រាវជ្រាវនាពេលអនាគត។

ការស្រាវជ្រាវនេះធ្វើឡើងបន្ទាប់ពីកិច្ចសហការជាច្រើនឆ្នាំរវាងអង្គការ WWF-កម្ពុជា និងសារពើភ័ណ្ឌជីវចម្រុះសម្រាប់ការអភិរក្ស (BINCO) ដើម្បីចងក្រងឯកសារអំពីភាពចម្រុះនៃប្រភេទសត្វ និងលើកកម្ពស់ការអភិរក្សនៅក្នុងទេសភាពរបស់យើង ឯលទ្ធផលពេញលេញនៅចុងដំណាច់ឆ្នាំ ២០២៥នេះ ៕

ដោយ៖ ណយ នឿន (ប្រភព៖WWF)





