សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ទទួលបានជំនួយឥតសំណងប្រាក់ ៧០មុឺនដុល្លារ ពីគម្រោងCASDP
AkP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--សហគមន៍កសិកម្មមួយទៀតនៅខេត្តសៀមរាប គឺ សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ បានទទួលបានជំនួយឥតសំណងក្នុងទំហំប្រាក់ប្រមាណ ៧០មុឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីចូលរួមវិនិយោគ៤០ភាគរយលើផ្ទះសំណាញ់ ៥០ខ្នង និងផ្លូវគ្រួសក្រហមក្នុងសហគមន៍ប្រវែង ៥,៣គីឡូម៉ែត្រ ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនេះ ត្រូវបានធ្វើឡើងរវាង សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

ពិធីនេះមានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក ដែលនឹងអនុញ្ញាតឱ្យសហគមន៍ អាចមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះប្រមាណ ១៣៥ តោនក្នុង១ឆ្នាំ ៕

ដោយ៖ ណយ នឿន





