គម្រោងកសិករស្រូវមិត្ដក្រៀល អន្លង់ព្រីងក្នុងឆ្នាំ២០២៥ បន្ថែមសមាជិកថ្មី ៣៨គ្រួសារ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--ដំណឹងដ៏រីករា ពីតំបន់ការពារទេសភាពអន្លង់ព្រីង ឆ្នាំ២០២៥នេះ មានកសិករថ្មីចំនួន ៣៨គ្រួសារបន្ថែមទៀតបានចុះកិច្ចសន្យាស្ម័គ្រចិត្តចូលរួមជាសមាជិក កសិករស្រូវមិត្ដក្រៀល និងប្តេជ្ញាអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការអភិរក្សសត្វក្រៀល និងសត្វស្លាបទេសន្ដប្រវេសន៍សំខាន់ៗផ្សេងទៀត។🕊

ប្រភពពីអង្គការ NatureLife បានឱ្យដឹនៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ថា ជាមួយនឹងសមាជិកថ្មី ៣៨គ្រួសារនេះ គម្រោងកសិករស្រូវមិត្ដក្រៀលបានសហការជាមួយកសិករសរុប ១៤១ គ្រួសារ ដែលធ្វើកសិកម្មលើផ្ទៃដី ១៨៥ ហិកតា ជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ២១៩ ហិកតា ដោយជួយពង្រីកផ្ទៃដីសុវត្ថិភាពសរុប ៤០៤ហិកតា សម្រាប់សត្វក្រៀល និងផលិតស្រូវសុវត្ថិភាពប្រមាណ ៤០០តោន ក្នុងមួយឆ្នាំសម្រាប់អ្នកបរិភោគក្នុងស្រុក និងនាំយកមកទីផ្សារ។ អំពីកិច្ចសន្យាក្រុមផលិតស្រូវមិត្តក្រៀល កសិករត្រូវចូលរួមអនុវត្តតាមលក្ខខណ្ឌវិនិច្ឆ័យទាំង១២ដែលមានស្រាប់។ ប្រសិនបើកសិករអនុវត្តតាមលក្ខខណ្ឌខាងលើ គម្រោងនឹងផ្តល់អត្ថប្រយោជន៍ជូនដូចជា សំណងសម្រាប់ស្រូវ ៥ភាគរយ ដែលរក្សាទុកសម្រាប់ចំណីរបស់សត្វក្រៀល ។ គម្រោងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មពេញមួយឆ្នាំ គម្រោងផ្តល់ជាពូជស្រូវ និងជីសរីរាង្គដោយឥតគិតថ្លៃ គម្រោងទទួលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ រួមជាមួយសកម្មភាពគាំទ្របន្ថែមទៀតពីគម្រោង។

លើសពីការអភិរក្ស គម្រោងកសិករស្រូវមិត្ដក្រៀល កំពុងតែធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ ដោយបង្កើននូវប្រាក់ចំណូលកាន់តែប្រសើរ ទីផ្សារមានស្ថិរភាព និងការគាំទ្ររយៈពេលវែងសម្រាប់គ្រួសារកសិករ។

អង្គការ NatureLife បានអរគុណ ដល់ Critical Ecosystem Partnership Fund, Mandai Nature និងKeidanren Nature Conservation Fund ដែលគំាទ្រហិរញ្ញវត្ថុដល់សកម្មភាពនេះ ៕

ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





