មន្ត្រីជំនាញកាកបាទក្រហមកម្ពុជាចុះអប់រំផ្សព្វផ្សាយស្ដីអំពី"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធននិងអាកាសធាតុ"និងការពារជំងឺមិនឆ្លងដល់សិស្សានុសិស្ស
AKPកំពង់ធំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--កាកបាទក្រហមកម្ពុជាសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយបានចុះអប់រំផ្សព្វផ្សាយស្ដីអំពី"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធននិងអាកាសធាតុ"នៅវិទ្យាល័យទួលក្បិលស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥ដោយមានការអញ្ជើញពីឯកឧត្តម រឿត សុខុន នាយករងនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកបណ្ឌិត វ៉ា សុភ័ក្រ្តប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខាជូនដល់យុវជនកាកបាទក្រហមកម្ពុជានិងសិស្សានុសិស្សសរុបចំនួន៣៥០នាក់(ស្រី២៦៥នាក់)។

ក្នុងឱកាសនោះឯកឧត្តម រឿត សុខុន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលកម្លាំងនាំមុខនៅសហគមន៍និងជាទំពាំងស្នងឬស្សីរបស់សង្គម។

ទន្ទឹមនឹងនេះលោកបណ្ឌិត វ៉ា សុភ័ក្រ បានធ្វើការបង្ហាញអំពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិង សិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លងនិងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។

លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ជំងឺមហារីក ជំងឺទឹកនោមផ្អែមជំងឺលើសឈាមនិងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃផ្អែម ប្រៃនិងខ្លាញ់ច្រើនជាដើមស្របតាមទិសស្លោក"ស្រឡាញ់ខ្លួនស្ងួនចំណី"។ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួននិងចូលរួមកាត់បន្ថយដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុតឬកប់សំបកដបជ័រក្នុងដី។ក្នុងពេលនោះផងដែរលោកស្រីលំ គន្ធារីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





