ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌល ផ្កាឈូក របស់អង្កការ មូលនិធិកុមារកម្ពុជា នៅក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌល ផ្កាឈូក របស់អង្កការ មូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អង្គភាពការពារកុមារ បានចាប់ផ្តើមជាមួយនឹងទស្សនវិស័យមួយ៖ គឺដើម្បីផ្តល់ឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា នូវសិទ្ធិជាមូលដ្ឋាន ទទួលបានបរិយាកាសមួយដែលមានសុវត្ថិភាព និងការថែទាំ ដើម្បីទទួលបាននូវការលូតលាស់។
អង្គភាពការពារកុមារ គឺជាជាដៃគូតែមួយគត់របស់នគរបាលជាតិកម្ពុជា ដែលបានចាប់ផ្តើមការងាររបស់ខ្លួននៅឆ្នាំ ២០១៣ ជាមួយនឹងការសន្យាមួយ ជួយដល់កុមាររងគ្រោះដោយការរំលោភបំពាន នូវសេវាកម្មដែលមានកម្រិតខ្ពស់បំផុត។
ឥឡូវនេះ អង្គភាពការពារកុមារ - CPU - ឈានដល់ឆ្នាំទី ១២ របស់ខ្លួនក្នុងការ បន្តខិតខំប្រឹងប្រែង ធ្វើការងារយ៉ាងសស្រាក់សស្រាំ ដើម្បីគោរពនូវការសន្យាមួយនេះ។
ដោយបានធ្វើការជាមួយនគរបាលកម្ពុជា អង្គភាពមួយនេះ បានក្លាយទៅជាកម្លាំងដ៏មហិមាមួយ ដើម្បីការពារជនងាយរងគ្រោះ ផ្តល់សំឡេងដល់អ្នកគ្មានសំឡេង និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
ឥឡូវនេះ អង្គភាពការពារកុមារ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដឹកនាំក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មកំរិតធ្ងន់ដែលប្រព្រឹត្តទៅលើកុមារ។
នៅពេលដែលការគំរាមកំហែង តាមអ៊ីនធឺណិតទៅលើកុមារចេះតែកើនឡើង ការការពារកុមារកាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។
កំពុងតែប្រឈមមុខនឹងបញ្ហានេះដោយផ្ទាល់ ជាមួយនឹងការបើក មជ្ឈមណ្ឌល ផ្កាឈូក ដែលជាកន្លែងដំបូងបង្អស់តែមួយគត់សម្រាប់ដោះស្រាយ ការប្រឈមនេះ នៅក្នុងប្រទេសកម្ពុជា។
នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាផ្ទះរបស់ក្រុមការងារប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់ប្រទេសកម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្យាយាមធ្វើបាបកុមារ។
មជ្ឈមណ្ឌលនេះ នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេសកម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះដែលនៅរស់រានមានជីវិតទទួលបាននូវការយកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។
មជ្ឈមណ្ឌល ផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវាកម្មដែលមានកម្រិតខ្ពស់ ទៅដល់កុមាររងគ្រោះ នៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរពីដៃគូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជាអន្តរជាតិ។
សូមរម្លឹកថា កាលពីឆ្នាំមុន មូលនិធិកុមារកម្ពុជាបានប្រារព្ធខួប២០ឆ្នាំនៃការផ្លាស់ប្តូរជីវិត ពោលគឺរយៈពេលពីរទសវត្សរ៍ ដែលបានខិតខំប្រឹងប្រែងផ្តល់ដល់កុមារ និងក្រុមគ្រួសារពួកគេ ដែលរស់នៅតំបន់ស្ទឹងមានជ័យ នូវក្តីសង្ឃឹមសម្រាប់អនាគតដ៏ត្រចះត្រចង់មួយ។ ចាប់ផ្តើមជាមួយកុមារីតែម្នាក់គត់ ជាមួយនិងក្តីសុបិនមួយដែលចង់ផ្តល់ឱ្យនាង នូវជីវិតមួយដែលប្រសើរ៕
ដោយ៖ គង់ សិរីរ័ត្ន





