ទូតឥណ្ឌូនេស៉ី កោតសរសើរកម្ពុជា ក្នុងការគ្រប់គ្រងវិស័យព័ត៌មាន សោតទស្សន៍បានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់
AKP សៀមរាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥–តាមរយៈជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០, ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានដែលបានខិតខំបំពេញការងារយ៉ាងសកម្មដែលឯកឧត្តមឯកអគ្គរាជទូតបានមើលតាមប្រព័ន្ធផ្សព្វផ្សាយ ដែលឃើញមានគំនិតផ្ដួតផ្ដើមហើយ និងសកម្មភាពជាច្រើនពាក់ព័ន្ធ និងវិស័យព័ត៌មាន និងសោតទស្សន៍ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីមើលឃើញថាជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។
ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។
ក្នុងនោះឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៉ីស្លាមនៅកម្ពុជា ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។

ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានបន្តថា នឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៉ីស្លាមនៅពេលខាងមុខ។
ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕
ដោយ៖មករា, រូបថត៖ ក្រុមការងារ AKP





