ពិធីសម្ពោធអគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ចនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ដែលត្រូវបានសាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ចំណាយទឹកប្រាក់សាងសង់អស់ជាង៩សែនដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា វិទ្យាស្ថានថ្មីនេះត្រូវធ្វើការបណ្ដុះបណ្ដាលសហគ្រិនភាពដល់យុវជន សិស្ស និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងផ្ដល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្មក្រោមការណែនាំ និងបណ្ដុះបណ្ដាលពីសាស្ដ្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់មុនចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅបរទេស ហើយថា ឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមកបែបប្រាកដនិយម ក្នុងឱកាសនេះដែរវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ចបានចុះអនុស្សរណៈនៃការយោគយល់ជាមួយសហគ្រិនខ្មែរផងដែរ ដោយអនុស្សរណៈយោគយល់នេះមានគោលដៅក្នុងការបណ្តុះសហគ្រិនឱ្យមានទេពកោសល្យ និងកសាងមូលដ្ឋានរឹងមាំសម្រាប់អនាគតកម្ពុជា។


សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ទៅជាមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលមុនគេបង្អស់នៅកម្ពុជា។ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មជ្ឈមណ្ឌលមានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន៦,៦៨៧នាក់ រួមមាន មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





