ខ្យល់កន្ត្រាក់ប៉ះពាល់ដល់ឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ធ្វើឱ្យរបើកដំបូលកើនឡើង១២២ខ្នងផ្ទះ និងរលំតូប០១
AKP ព្រះសីហនុ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-- លោក អ៊ី ធារិន ប្រធានគណៈកម្មាធិការគ្រោះមហន្តរាយស្រុកព្រៃនប់ បានឱ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅតាមបណ្តាឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ចាប់ពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៥ ហើយគិតមកដល់ម៉ោង៥ល្ងាចនេះ បណ្តាលឱ្យមានរលំតូបកាហ្វេចំនួន០១ និងរបើកដំបូលផ្ទះអស់ចំនួន១២២ខ្នងផ្ទះ និងខូចខាត ស័ង្កសីចំនួន៧៦៩សន្លឹក ដូចជា៖ ១. ឃុំជើងគោប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១៧ខ្នងផ្ទះ ក្នុងនោះខូចខាតដំបូលផ្ទះ ស័ង្កសីចំនួន ១២៥សន្លឹក។ ករណីគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះមិនបណ្តាលឪ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិត។ ២. ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣៩ខ្នងផ្ទះ ខូចខាតដំបូលស័ង្កសីចំនួន២៦១សន្លឹក។ ករណីនេះមិនបណ្តាលឱ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ៣. ឃុំសំរុង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នងផ្ទះ ក្នុងនោះរបើកដំបូល២៩ខ្នងផ្ទះ ខូចខាតស័ង្កសីចំនួន១៥៣សន្លឹក និងរលំតូបកាហ្វេចំនួន០១។ ករណីនេះមិនបណ្តាលឱ្យមានមនុស្សរងរបូស។ ៤. ឃុំព្រៃនប់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣៧ខ្នងផ្ទះ របើកដំបូលផ្ទះ ខូចខាតស័ង្កសីចំនួន២៣០សន្លឹក។ ករណីនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស។


លោកប្រធានគណ:កម្មាធិការគ្រោះមហន្តរាយស្រុកព្រៃនប់បានឱ្យដឹងថា យើងកំពុងតាមដានដោយយកចិត្តទុកដាក់ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឱ្យក្រុមការងារគ្រោះមហន្តរាយនៅតាមបណ្តាឃុំទាំង១០នៃស្រុកព្រៃនប់ ចុះទៅពិនិត្យតាមដាន និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ជាពិសេសថែមទៀតនោះ គឺតាមដានឥទ្ធិពលព្យុះទី៦ ឈ្មោះ វីពផា (Wibha) T2506 វាមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ក៏ប៉ុន្តែព្យុះវីពផានេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ក៏ប៉ុន្តែខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រតែងតែរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ជាពិសេសប្រជាពលរដ្ឋនៅស្រុកព្រៃនប់នេះតែម្តង ធ្វើឱ្យមានរបើកដំបូលផ្ទះ និងអាចមានរលំផ្ទះថែមទៀតផង។


លោក អ៊ី ធារិន បានបញ្ជាក់ថា គណៈកម្មាធិការគ្រោះមហន្តរាយស្រុក សហការជាមួយអាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធបន្តតាមដានត្រៀមជួយសម្របសម្រួលដោះស្រាយ ផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ទន្ទឹមនោះយើងក៏បានត្រៀមកម្លាំង និងសម្ភារមួយចំនួនក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះធម្មជាតិបង្កឱ្យបាត់បង់អាយុជីវិត៕
ដោយ ងូ សុមុនី





